ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា រយៈពេលជិតពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ងខ្លាំងក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននិងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀននៅទូទាំងប្រទេស។
សម្តេចក្រឡាហោម មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងសង្គមកិច្ចថា ក្រៅពីការងារបង្ការនិងបង្ក្រាបបទល្មើសគ្រឿងញៀនរាជរដ្ឋាភិបាលក៏កំពុងខិតខំបង្កើនការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរដោយចាត់ទុកអ្នកញៀនគ្រឿងញៀនជាជនរងគ្រោះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីក្រុមគ្រួសារ សហគមន៍និងសង្គមដើម្បីធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍ប្រកបដោយភាពជោគជ័យ។
សម្តេចក្រឡាហោមបានមានប្រសាសន៍បញ្ជាក់ថា“រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស។ គ្រឿងញៀន គឺជាបញ្ហាប្រឈមសំខាន់មួយ ដលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ក្នុងការដោះស្រាយខណៈដែលការចែកចាយគ្រឿងញៀនបានរីករាលដាលពីទីក្រុងរហូតដល់ជនបទជាពិសេសអាជ្ញាធរមានសមត្ថកិច្ចបានបង្រ្កាបករណីចែកចាយគ្រឿនញៀននេះបានជាច្រើន”៕