ភ្នំពេញ៖ ស្របពេលថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះកាន់តែខិតជិតមកដល់អាជ្ញាធររាជធានីភ្នំពេញបានជូនដំណឹងជាមុនមិនឲ្យប្រជាពលរដ្ឋធ្វើចរាចរតាមមហាវិថីវិមានឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ដែលតម្រូវឲ្យពង្វាងចរាចរទៅតាមស្ពានព្រែកក្តាមវិញចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ ។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជានិងជាការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី២១ ធ្នូបានឲ្យដឹងបន្ថែមថា វិមានឈ្នះឈ្នះ គ្រោងសម្ពោធជាផ្លូវការ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕