ភ្នំពេញ៖លោកស្រី នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអះអាងថា វិស័យចំនួន៤ រួមមានវិស័យ កាត់ដេរ វិស័យសំណង់ វិស័យទេសចរណ៍ និងវិស័យកសិកម្ម បាននិងកំពុងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧.៣ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ។ ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ស្ដីពីការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លោកស្រី នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យកាត់ ដេរ និងសំណង់កំពុងមានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបាន ស្រូបកម្លាំងពលកម្មវ័យក្មេងយ៉ាងច្រើនតាមរយៈការបង្កើតការងារ ជិត១លាននាក់ នៅក្នុងឆ្នាំ ២០១៧ ក្នុងនោះប្រមាណ៤៤.៤ភាគរយ មានអាយុក្រោម៣០ឆ្នាំ។
លោកស្រីបញ្ជាក់ ថា ក្នុងចំណោមកម្លាំងពលកម្មក្នុងវិស័យកាត់ដេរ និងសំណង់នេះគឺប្រមាណ៧០ភាគរយមាន កម្រិតអប់រំក្រោមមធ្យមសិក្សាទុតិយភូមិ ឬ៩៤ភាគរយ មានកម្រិតអប់រំក្រោមបរិញ្ញាបត្រ។ កត្ដាចូលរួមទាំងអស់នេះបានបង្ហាញនូវសក្ដានុពល ខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង បង្កើតចំណូលនិងការងារដល់កម្លាំងពលកម្មដែលមានជំនាញ ទាបនិងមធ្យម។
លោកស្រី បានបន្ថែមថា ចំពោះវិស័យទេសចរណ៍ក៏បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ច ជាតិ ដែលចំនួនភ្ញៀវទេសចរអន្ដរជាតិមកទស្សនាកម្ពុជា មានប្រមាណ៦.២លាន នាក់ នៅក្នុង ឆ្នាំ២០១៨នេះ។ លើសពីនេះទៀត ក៏រួមចំណែកបង្កើនការចូលរួមរបស់ស្រ្ដីក្នុងទីផ្សារការងារ ផងដែរ ដោយមានប្រមាណ៦០ភាគរយ នៃកម្លាំងពលកម្មក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន កាលពីឆ្នាំ២០១៧៕