ភ្នំពេញ៖ លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្កាប់ឲ្យឃុំខ្លួនជនសង្ស័យដែលបង្ហោះរូបភាព បង្អួតកាំភ្លើងក្រោមបទចោទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះឃ្លី វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជ ធានីភ្នំពេញ មានមុខរបរទិញលក់និងបើកកន្លែងលាងរថយន្តនៅខណ្ឌចំការមន ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្កាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យខាងលើត្រូវបានចោទប្រកាន់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសៀវ និងតាមមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមរំលឹកថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនបុរស អាយុ២៧ឆ្នាំ បើកបររថយន្តឡង់រ៉ូវ៉ែ មួយគ្រឿង ដែលមានអាវុធ២ដើម ជាមួយនឹងបង់គ្រាប់ផងដែរ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាការឃាត់ខ្លួននេះ គឺនៅក្រោយបទបញ្ជារបស់អភិបាលខេត្ត កំពង់ចាម អោយតាមឆែកឆេររកអត្តសញ្ញាណរបស់បុរសម្នាក់ ដែលមានគណនេយ្យ ហ្វេសប៊ុកឈ្មោះ (Kongkia VS) ដែលបានបង្ហោះរូបភាព បង្អួតកាំភ្លើងច្រង៉េងច្រង៉ាង លើតាប្លូ រថយន្ត ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានថ្លែងថាលោកបានចេញបទបញ្ជា ដល់ជំនាញ ពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនេះ ព្រមទាំងបញ្ជាអោយអធិការស្រុក-ក្រុងទាំង១០ កំណត់គោល ដៅស្វែងរកជាបន្ទាន់ ។
ជនសង្ស័យឈ្មោះឃ្លី វណ្ណៈ បើករថយន្ត ឡែនរ៉ូវែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3399 ត្រូវបានឃាត់ សាកសួរនៅវេលាម៉ោង២២យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមគ្រាដែលជិះរថយន្តពីភ្នំពេញ មកចូលរួមពិធីអាពាហ៍ពិពាហ៍មួយនៅភូមិព្រៃទទឹង ខេត្តកំពង់ចាម។ ជនសង្ស័យមានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជ ធានីភ្នំពេញមានមុខរបរទិញលក់និងបើកកន្លែងលាងរថយន្តនៅខណ្ឌចំការមន ប៉ុន្តែឈ្មោះនេះ បាននិយាយ កុហកសមត្ថកិច្ចថាគាត់មានមុខរបរធ្វើការនៅក្រសួងមហាផ្ទៃ ផ្នែកស៊ីវិល ខាងស៊ើបអង្កេត។
ក្រោយការឆែកឆេររបស់សមត្ថកិច្ចលើ រថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-0199 សមត្ថកិច្ច បានរកឃើញមានអាវុធ២ដើម អាកាស្វាយវែង ០១ដើម លេខ ៤៣៦២ បង់មួយគ្រាប់គ្មាន, អាវុធខ្លី០១ដើម ម៉ាកpak លេខ ០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦។
អាវុធទាំងនេះ មិនមានលិខិតសម្គាល់ណាមួយបានអះ អាងថាជាកម្មសិទ្ធិរបស់ឈ្មោះឃ្លី វណ្ណៈនោះឡើយ ប៉ុន្តែជនសង្ស័យអះអាងថា គឺជារបស់បងឈ្មោះ ហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ ទីលំ នៅភូមិឃុំ ជាមួយគ្នា និងមានមុខរបរនគរបាលក្រសួងមហាផ្ទៃ។
យោងតាមរបាយ ការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អាវុធអាកាស្វ័យវែង គឺជនសង្ស័យនេះ បានខ្ចីពីមិត្តភក្តិ ឈ្មោះលីគ័ង ច្រឹង ដែលមានមុខរបរធ្វើការនៅកាស៊ីណូក្រុងព្រះសីហនុ។ ចំណែកអាវុធខ្លី គឺជនសង្ស័យបានខ្ចីពី មិនភក្តិ ឈ្មោះឃេ វិនតាវ ដែលជាអ្នករកស៊ីម្នាក់នៅអូរឡាំពិក នៃខណ្ឌចំការមន។
ជនសង្ស័យក្រោយមកបានសារភាពថាគាត់បានខ្ចីអាវុធពីមិត្តភក្តិមកទុកក្នុងរថយន្តដើម្បីទុកការពារខ្លួនពេលមកការប្អូនខាងប្រពន្ធនៅកំពង់ចាម។ ជនសង្ស័យលី វណ្ណៈ ត្រូវសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹក ម៉ូត និងរកឃើញថាមានសារធាតុគ្រឿងញៀនថែមទៀត៕