ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថាក្រោយបញ្ចប់ការសិក្សារដោយសារតែទំហំទឹកប្រាក់ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតមានចំនួនច្រើនពេក រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជនដើម្បីកសាងផ្លូវនេះ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា រហូតមកដល់ពេលនេះ ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារ។នេះបើយោងតាមគេហទំព័ររបស់ក្រសួងព័ត៌មាន។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងកាលពីចុងសប្ដាហ៍នេះថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA)ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។
លោក បានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លានដុល្លារដែលការចំណាយយ៉ាងច្រើនសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារ តែផ្លូវដែលត្រូវសាងសង់គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្របានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។
លោកបានលើកឡើងថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជ ធានីភ្នំពេញ ទៅខេត្ដព្រះសីហនុដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកា ប្រមាណតែ ២.០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត៕