ភ្នំពេញ៖ក្រោយសង្កេតឃើញតម្លៃអគ្គិសនីនៅតាមបណ្ដាផ្សារមួយចំនួននៅតែមានតម្លៃថ្លៃលើសការកំណត់របស់រដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់មន្ត្រីអគ្គិសនី ឲ្យចុះជាបន្ទាន់ ដើម្បីដោះស្រាយតម្លៃភ្លើងនៅតាមទីផ្សារឲ្យបានរហ័សបំផុត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរបញ្ជាក់ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា “សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនី ឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើងនៅតាមទីផ្សារ ឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់” ។
សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី១៧ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃអគ្គិសនីនៅឆ្នាំ២០១៩ និង២០២០ នឹងបន្តសិក្សាបញ្ចុះតម្លៃបន្ថែមទៀតសម្រាប់ឆ្នាំបន្តបន្ទាប់៕