ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អះអាងថាកម្ពុជាបានដាក់សំណើសុំបត្យាប័នទៅប្រទេសឡាវ ដើម្បីបញ្ជូនជនជាប់ ចោទជនជាតិខ្មែរម្នាក់ដែលឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងទំហំប្រាក់ជាង៦០លានដុល្លារ មកផ្ដន្ទាទោសនៅក្នុងយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយរបស់គេហទំព័រទូរទស្សន៍បាយ័នបានឲ្យដឹងថាជនជាប់ចោទឈ្មោះ ហួត សុវណ្ណ គឺជាមេខ្លោងម្នាក់ នៅក្នុងប្រព័ន្ធឆបោកដ៏ធំដែលមានសមាសភាព មកពី «ក្រុមហ៊ុន EBC» «អង្គការ AIF» និង «សមាគម ICA»។
ក្រុមហ៊ុន និងអង្គការទាំងនេះ តែងតែដើរឆបោកប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាអាទិ៍បានឆបោកប្រជាពលរដ្ឋខ្មែរជាង៧ពាន់នាក់ អស់ទឹកប្រាក់ជាង៦០លានដុល្លារ មកពីខេត្តជាច្រើន នៅកម្ពុជាតាម រយៈការបញ្ចុះបញ្ចូលឲ្យដាក់ ប្រាក់វិនិយោគរួម ដោយជនល្មើសសន្យាថា នឹងផ្តល់មកវិញនូវអត្រាចំណេញខ្ពស់។
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពជំនាញទាំងផ្លូវច្បាប់ និងការទូតដើម្បីនាំយកជន ជាប់ចោទ ពីប្រទេសឡាវ និងដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់។
សូមបញ្ជាក់ថា ប្រទេសឡាវ និងកម្ពុជា បានចុះហត្ថលេខា លើសន្ធិសញ្ញាបត្យាប័ន ក្នុងឆ្នាំ១៩៩៩ ដែលសន្ធិសញ្ញានេះចូលជាធរមានឆ្នាំ២០០៥៕