ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺមួយបញ្ជាក់ថាករណីមន្ត្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់វាយតប់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី១៥ធ្នូឆ្នាំ២០១៨ជារឿងមិនពិតនោះទេ។
យោងតាមសេចក្ដីបំភ្លឺរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១៧ ធ្នូនេះបានបញ្ជាក់ថាក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើមន្រ្តីនគរបាល ឈ្មោះ យ៉ា សុផល នាយរងប៉ុស្តិ៍ស្អំចំណុះវរសេនាការពារព្រំដែនគោកលេខ៦១៥នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានមកដល់ស្រែកឡូឡារារាំងប្រតិបត្តិការរហូតមានការជេរប្រមាថមកលើកម្លាំងសមត្ថកិច្ចព្រមទាំងបានយកដៃទៅក្រវៀសកាមេរ៉ាដែលកំពុងថតចំពីមុខគាត់បណ្ដាលឲ្យជ្រុលដៃទៅត្រូវចំចង្ការរបស់ឈ្មោះ ឆេន សុផាត (ប្រាក់) តែបន្តិចប៉ុណ្ណោះមិនបណ្ដាលឲ្យរងរបួសស្នាមដល់រាងកាយឡើយ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំបញ្ជាក់ថា ”បច្ចុប្បន្នមន្រ្តីនគរបាលឈ្មោះ យ៉ា សុផល បាននិងកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពីបទប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈ ”៕