ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយប្រមាណ ៣៥ម៉ឺននាក់ ក្នុងនោះថ្ងៃទី១ មានចំនួនប្រមាណ ៦ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ ២០ម៉ឺននាក់ និងថ្ងៃទី៣ ប្រមាណ ៩ម៉ឺននាក់ដែលមានការកើនឡើងដល់ទៅជិត៦ដង បើប្រៀបធៀបនឹងពិធីបុណ្យសមុទ្រលើកទី៣ (ជុំទី១) នៅខេត្តកោះកុង កាលពីឆ្នាំ២០១៣។នេះបើតាមការបញ្ជាក់ពីលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាកត្តាដែលជំរុញឱ្យមានកំណើនភ្ញៀវទេសចររួមមាន៖ កត្តាសន្តិភាព កត្តារីកចម្រើនឥតឈប់ឈរនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កត្តារីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កត្តាផលិតផល និងគោលដៅទេសចរណ៍ប្លែកៗដ៏ទាក់ទាញពិសេសគឺទេសភាពដ៏ទាក់ទាញនៃតំបន់ឆ្នេរ កោះ និងតំបន់អេកូទេសចរណ៍ និងការយកចិត្តទុកដាក់រៀបចំរបស់គណៈកម្មការ និងអាជ្ញាធរខេត្ត ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានដ៏ល្អ៕






