តាកែវ៖ នៅក្នុងជំនួបជាមួយលោក ហ្វៀន ទៀនហាយ សមាជិកគណៈប្រតិបត្តិមជ្ឈឹមបក្សនិងជាលេខាធិការគណៈកម្មាធិការបក្សប្រជាជនខេត្តគៀនយ៉ាង ដែលបានដឹកនាំគណបក្សប្រតិភូមកជូនពរអាជ្ញាធរខេត្តតាកែវ ក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ នៅថ្ងៃ សុក្រ ទី ៤ ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើដល់អាជ្ញាធរខេត្តគៀនយ៉ាង ធ្វើយ៉ាងណាជួយជម្រុញក្រុមអ្នកវិនិយោគ និងក្រុមឈ្មួញជួយទិញកសិកផល ពីបងប្អូនប្រជាពលរដ្ឋខេត្តតាកែវនិងកសិផលពីកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងខេត្តតាកែវ និងខេត្តគៀនយ៉ាងមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនង រវាងបងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន។ ដោយឡែកចំពោះការប្លាស់ប្ដូរពាណិជ្ជកម្មឆ្លងដែនក៍មានភាពល្អប្រសើរផងដែរ ក៍ប៉ុន្តែមួយរយៈពេលកន្លងមកនេះខណៈពេលវិស័យកសិកម្មរបស់ខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនពិសេសដំណាំស្រូវ វាក៍នាំឲ្យមានបញ្ហាដល់ទីផ្សារនាំចេញ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ដំណាំស្រូវដែលកម្ពុជាធ្វើបាន គឺមួយផ្នែកធំពឹងទៅលើការនាំចេញទៅលក់នៅប្រទេសវៀតណាមដែលមានទីផ្សារធំទូលាយជាងកម្ពុជា ហើយនៅពេលខាងមុខនៅពេលដែលខេត្តអាងយ៉ាង និងខេត្តគៀនយ៉ាង របស់វៀតណាម រួមបញ្ចូលគ្នាជាខេត្តតែមួយ វាធ្វើអោយខេត្តយើងទាំង២ មានព្រំដែនជាប់គ្នាចំនួន៧២គីឡូម៉ែត្រ ដូច្នោះសូមអាជ្ញាធវៀតណាម ជួយសម្របសម្រួលជាមួយក្រុមអ្នកវិនិយោគ និងឈ្មួញវៀតណាមបន្តជួយទិញស្រូវ និងកសិផលជាច្រើនពីប្រជាកសិករខេត្តតាកែវ និងពីប្រទេសកម្ពុជាបន្ថែមទៀត។
ឆ្លើយតបទៅនិងការស្នើរសុំរបស់អភិបាលខេត្តតាកែវ លោក ហ្វៀន ទៀនហាយ សមាជិកគណៈប្រតិបត្តិមជ្ឈឹមបក្សនិងជាលេខាធិការគណៈកម្មាធិការបក្សប្រជាជនខេត្តគៀនយ៉ាង បានលើកឡើងថា កន្លងមកការទិញកសិផលពីខេត្តតាកែវនិងពីកម្ពុជាទៅកាន់ខេត្តគៀនយ៉ាង គឺត្រូវដឹកជញ្ជូនតាមផ្លូវទឹក ក៍បុន្តែដោយសារស្ថានភាពផ្លូវទឹករាក់និងកំពង់ផែស្តុកស្រូវមានភាពតូច ដូច្នោះអាជ្ញាធរខេត្តគៀនយ៉ាង បានធ្វើការស្ដាប្រឡាយនិងបានធ្វើការពង្រីកកំពង់ផែធំជាងមុន ហើយនៅពេលដែលការស្ដាប្រឡាយនិងពង្រីកកំពង់ផែរូចរាល់ យើងរំពឹងថាការទិញកសិកផលពីកម្ពុជានឹងបានច្រើនជាងមុន ដោយសារតែស្ថានភាពការដឹកជញ្ចូនមានភាពល្អប្រសើរនិងមានកន្លែងស្តុកទុកធំជាងមុន៕