រដ្ឋបាលខេត្តបាត់ដំបងរៀបចំតុបតែងសោភ័ណភាពដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី

0

ក្រុមការងារតាមបណ្តាមន្ទីរ និងអង្គភាពជំនាញនៃខេត្តបាត់ដំបង បាន និងកំពុងមមាញឹករៀបចំតុបតែង លម្អផ្កាភ្ញីជាក្បូរក្បាច់រចនា អំពូលភ្លើងពណ៌យ៉ាងល្អប្រណីតនៅកណ្ដាលក្រុង និងតាមបណ្ដាផ្លូវស្ពានជាច្រើនដែលឆ្លងកាត់ដងស្ទឹងសង្កែ ដើម្បីរំលេចសោភ័ណភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីដែលជិតចូលមកដល់។

រាល់ទីតាំងសំខាន់ៗ រដ្ឋបាលខេត្តបានកំណត់ឱ្យក្រុមជំនាញធ្វើការរៀបចំភ្លើងចម្រុះពណ៌ ដើម្បីបំភ្លឺ និងរៀបចំជារូបភាពផ្សេងៗ នៅតាមសួនសាធារណៈពិសេសគឺនៅត្រង់ចំណុចវិមានឯករាជ្យ ដែលនៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ខេត្តបាត់ដំបង មិនត្រឹមតែរៀបចំភ្លើងចម្រុះពណ៌ប៉ុណ្ណោះទេ គឺរដ្ឋបាលខេត្តបានរៀបចំជាពាងទឹកយ៉ាងច្រើននៅតាមបណ្ដោយផ្លូវកណ្ដាលក្រុង ដោយអង្គភាពរដ្ឋាករទឹកជាអ្នកចាត់ចែងតបណ្ដាញទុយោទឹកដើម្បីឲ្យប្រជាពលរដ្ឋដែលចូលរួមកម្សាន្តមានទឹកលេងនៅទីនោះស្រាប់រួមជាមួយម៉ាស៊ីនបាញ់ទឹកត្រជាក់ថែមទៀត។ នៅក្បែរវិមានឯករាជ្យអាជ្ញាធរក៏បានរៀបចំបំពាក់ម៉ាស៊ីនបាញ់ពពុះសាប៊ូ សម្រាប់អ្នកចូលរួមលេងកម្សាន្តផងដែរ។

នៅតាមទីអារាម សាលារៀន មន្ទីរនានាជុំវិញខេត្ត និងនៅតាមលំនៅឋានប្រជាពលរដ្ឋ ក៏មានការចាប់ផ្ដើមរៀបចំតុបតែងលំអដើម្បីទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ដោយឡែកសម្រាប់សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាមេត្តាកុំប្រើប្រាស់ថង់ច្រកទឹកគប់គ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ណាមួយជាយថាហេតុ៕