គម្រោងរបស់កយកា តម្លៃជិត១២លានដុល្លារ ផ្តល់ដល់​ក្រសួង​មុខងារសាធារណៈ​ ដើម្បីជំរុញកំណែ​ទម្រង់អភិបាលកិច្ច​នៅ​កម្ពុជា

0

សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា កយកា (KOICA)ប្រចាំកម្ពុជាបាន​ប្រកាសឱ្យដឹងកាល​ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនាថ្ងៃទី៣ ខែមេសា ឆ្នាំ​២០២៥ថា កាលពីថ្ងៃទី៣១ ខែមីនា​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (កយកា-KOICA) និងក្រសួងមុខងារ​សាធារណៈ​នៃរាជរដ្ឋាភិបាលកម្ពុជា បាន​ផ្លាស់ប្តូរកំណត់ហេតុនៃកិច្ចពិភាក្សា(RD)​ជាផ្លូវការសម្រាប់គម្រោងស្តីពីការពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល(RSA) ដើម្បីកំណែទម្រង់អភិបាលកិច្ចនិងការពង្រឹងកម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជិត១២ លានដុល្លារអាមរិក។

កយកា បញ្ជាក់ថា គំនិតផ្តួចផ្តើមគម្រោងរយៈពេល ៥ឆ្នាំ ផ្តល់មូលនិធិ​ដោយរដ្ឋាភិបាលកូរ៉េតាមរយៈ​កយកា​ដែល​មានថវិកា​សរុ​ប​ចំនួន១១,៧​លានដុល្លារនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃរដ្ឋបាល​សាធារណៈរបស់​កម្ពុជា តាមរយៈការកសាង​សេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងត្រៀមខ្លួន​ជា​ស្រេចនាពេល​អនាគត។

កយកាបន្ថែមថា កំណត់ហេតុនៃកិច្ចពិភាក្សា(RD)ត្រូវបានផ្លាស់​ប្តូរ​តាមរយៈការឆ្លើយឆ្លងជាផ្លូវការរវាងភាគីទាំងពីរដោយ​បង្ហាញ​ពី​​​កិច្ចព្រមព្រៀងផ្លូវការដើម្បីអនុវត្តគម្រោងពីឆ្នាំ២០២៥ ដល់​ឆ្នាំ២០២៩​។គម្រោងនេះត្រូវបានតម្រឹម​ជាយុទ្ធ​សាស្ត្រ ជាមួយ​នឹងយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី ១ (២០២៤-២០២៨) និង​ចក្ខុវិស័យ​រយៈពេលវែង ឆ្នាំ២០៥០ ជាពិសេស វារួមចំណែកដោយ​ផ្ទាល់ដល់​អាទិភាពជាតិនៃការអភិវឌ្ឍ​មូលធន​មនុស្ស និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម គាំទ្រដល់មហិច្ឆតារបស់រដ្ឋាភិបាលក្នុងការធ្វើ​ទំនើបកម្ម ការផ្តល់​សេវា​សាធារណៈ និងជំរុញអភិបាលកិច្ចល្អ។

ក្នុងគំនិតផ្តួចផ្តើមគម្រោងនេះដែរ រួមមាន ការបង្កើតកម្មវិធីសិក្សា​ជាតិ​សម្រាប់មន្ត្រីរាជការ ដែលគាំទ្រដោយការ​សាងសង់​មជ្ឈមណ្ឌល​សិក្សា​ថ្មី និងការបង្កើតវេទិកាអប់រំឌីជីថល ដែលអាចប្រើប្រាស់បានដល់មន្ត្រី​រាជការ​​ទាំងអស់​នៅទូទាំងប្រទេស។

គប្បីជម្រាបជូនថា គម្រោងនេះនឹងបង្កើតកម្មវិធីសិក្សា និងខ្លឹមសារ​បណ្តុះបណ្តាលលម្អិតសម្រាប់ការអប់រំបច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មានវិទ្យា (ICT )សមស្របទៅនឹងតម្រូវការវិវត្តនៃ​រដ្ឋាភិបាល​ឌីជីថល​។ កម្មវិធីនេះនឹងលើកកម្ពស់​សមត្ថភាពរបស់មន្ត្រីរាជការ​ក្នុងការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថលក្នុងការងារប្រចាំថ្ងៃ​របស់ពួកគេ។

លោកស្រី ឆយ មូន ជុង ( CHOI Moon Jung) នាយិកាទី​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា​បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ កយកា ចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ។លោកស្រី​​បន្ថែម​ថា«គម្រោងនេះ គឺជាមូលដ្ឋានគ្រឹះនៃការគាំទ្ររបស់កយកា​សម្រាប់កំណែទម្រង់អភិបាលកិច្ចរបស់​ប្រទេសកម្ពុជា។ តាមរយៈការពង្រឹងសាលាភូមិន្ទរដ្ឋបាល យើងមានគោលបំណង​ចូលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្រ​បញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសក្នុងវិស័យអាទិភាព​នៃបរិវត្តកម្មមូលធនមនុស្ស និងឌីជីថល។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់មន្ត្រីរាជការថ្នាក់កណ្តាលប្រមាណ ៣៩ ០០០ នាក់ ក៏ដូចជា​ជះឥទ្ធិពលដល់​មន្ត្រីរាជការមូលដ្ឋានប្រហែល ១៧២ ០០០នាក់ តាមរយៈប្រព័ន្ធ​និងកម្មវិធី​បណ្តុះបណ្តាលដែល​ប្រសើរឡើង»។

គប្បីជម្រាបជូនដែរថា គម្រោងនេះក៏ឆ្លើយតបទៅនឹងកំណែទម្រង់​មុខងារ​សាធារណៈនាពេលថ្មីៗនេះ ដែលផ្តួចផ្តើម​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា រួមទាំងការដាក់ឱ្យ​ប្រើប្រាស់ប្រព័ន្ធ​ប្រឡង​សេវា​សាធរណៈជាតិស្តង់ដារ។ ក្នុងនាមជាស្ថាប័នអនុវត្តកំណែ​ទម្រង់​ទាំងនេះ សាលាភូមិន្ទរដ្ឋបាល (RSA) នឹងទទួល​បាន​ការគាំទ្រ​ពីស្ថាប័នសំខាន់ៗតាមរយៈជំនួយរបស់ កយកា-KOICA ដើម្បីលើកកម្ពស់តួនាទី និងសមត្ថភាពរបស់ខ្លួន៕