សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ ទទួលបានការដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ ក្រុមការងារពិសេសជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ខណៈដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាលទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។
ជាមួយនឹងការរីកចម្រើនខាងលើ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩ ខាងមុខនេះ៕