សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើអោយមានការរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សនៅនឹងកន្លែង ពិសេសរៀបចំការបណ្តុះបណ្តាលធ្វើយ៉ាងណាអោយមានមូលដ្ឋាន
រឹងមាំសម្រាប់ផលិតធនធានមនុស្សដែលមានសមត្ថភាពនិងមានលទ្ធភាពនៅក្នុងការចាប់យកឱកាសបម្រើឲ្យការអភិវឌ្ឍនៅកំពង់ផែព្រះសីហនុ។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវាលរិញ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ដោយបានបញ្ជាក់ថា ការទាមទារធនធានមនុស្សនេះ ស្របពេលដែលកម្ពុជាកំពុងពង្រីកសក្តានុពលរបស់ខេត្តព្រះសីហនុ ឲ្យកាន់តែធំថែមទៀត ដើម្បីជំរុញឲ្យខេត្តព្រះសីហនុកាន់តែជួយជាកម្លាំងជួយដល់សេដ្ឋកិច្ចជាតិទាំងមូល។
សម្ដេចបវរធិបតីបានបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលមានសេដ្ឋកិច្ចធំ ជាខេត្តផែសមុទ្រ ទឹកជ្រៅដែលមានសក្តានុពលនិងវិនិយោគ ដោយយើងមានគម្រោងវិនិយោគដល់ឆ្នាំ២០២៩ លើទឹកប្រាក់១០០០លានដុល្លារ ដែលជំហានទី១ បានចំណាយ២០០លានដុល្លារលើការពង្រឹងនិងពង្រីកផែព្រះសីហនុ។
ដំណាក់កាលទី២គ្រោងចាយ៦០០លានដុល្លារទៀត ដើម្បីអោយកំពង់ផែខេត្តព្រះសីហនុអាចបំរើ មិនត្រឹមតែជាផែអន្តរជាតិនោះទេ តែរៀបចំសម្រាប់បំរើភស្តុភារកម្មនៃប្រព័ន្ធដឹកជញ្ជូនថ្នាក់តំបន់តែម្តង៕