សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ជាសាធារណៈថា ការរៀនជំនាញវិជ្ជាជីវៈក៏អាចមានសមត្ថភាពធ្វើការបានច្រើនយ៉ាងដែរ ឱ្យតែសិស្សានុសិស្សបានតម្រង់ទិសតាមបំណិនជីវិតរបស់ខ្លួនបានត្រឹមត្រូវ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។
ឆ្លៀតនាឱកាសនោះ សម្ដេចបានស្នើឱ្យក្រសួងអប់រំ និងក្រសួងការងារជជែកពិភាក្សាគ្នាផ្លាស់ប្ដូរបទពិសោធន៍អភិវឌ្ឍន៍ធនធានមនុស្សឱ្យត្រូវតាមការវិវត្តិន៍របស់សង្គម ព្រោះការសិក្សានិងការពង្រឹងធនធានមនុស្សតាំងពីក្មេងគឺជាកត្តាសំខាន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«នៅក្នុងការពង្រឹងមូលដ្ឋានយើងមិនត្រឹមតែពង្រឹងសាលានៅក្រោមក្រសួងអប់រំទេ យើងត្រូវពង្រឹងមូលដ្ឋាននៃការបណ្ដុះបណ្ដាលរួមទាំងសាលាក្រោមក្រសួងការងារគឺសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តាំងពីដើមអាណត្តិមកខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងទាំងពីរសិក្សាជាមួយគ្នាដកពិសោធន៍ពីគ្នា ធ្វើម៉េចយើងតម្រង់ទិស»។
បើតាមសម្ដេចធិបតី មិនមែនតែនៅកម្ពុជាទេ នៅស្រុកខ្លះ ដូចជា សិង្ហបុរីជាដើមគេដាក់កូតា ប៉ុន្មានាក់ទៅរៀនពហុបច្ចេកវិទ្យា(Polytechnic) ប៉ុន្មាននាក់ទៅរៀនចំណេះដឹងទូទៅដើម្បីបម្រើឱ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលថា«ដើម្បីឱ្យគាត់សម្រេចចិត្តក្រោយពីថ្នាក់ទី៩គាត់ទៅណា ចឹងថ្នាក់ទី៧ ថ្នាក់ទី៨ ចាប់ផ្ដើមពន្យល់គាត់ណែនាំឱ្យឱពុកម្ដាយយល់ ព្រោះជូនកាលនៅមានការយល់ច្រឡំថា រៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅរៀនធ្វើកម្មករ អត់ទេ ជំនាញបច្ចេកទេសនេះមិនមែនតែកម្មករនោះទេ គឺមានជំនាញខាងអគិ្គសនី ខាងបច្ចេកវិទ្យាមួយចំនួនដែលអាចធ្វើបាន ធ្វើជាអ្នកគ្រប់គ្រងក៏បាន ដើម្បីឱ្យយល់ធ្វើការសម្រេចចិត្ត»។
សម្រាប់កម្ពុជាក៏ដូចគ្នា យើងត្រូវគិតគូរអំពីការតម្រង់ទិស សម្ដេចធិបតីបានគូសបញ្ជាក់ថា «សម្រាប់យើងយើងត្រូវតម្រង់ទិសធ្វើយ៉ាងណាឱ្យកូនរបស់យើង ក្មួយរបស់យើង ចៅរបស់យើង គាត់អាចសម្រេចចិត្តនិងធ្វើការគិតគូរ យើងជួយគាត់ដើម្បីរកចំណុចចេញពីដើម ពីមុនយើងមានដែរកម្មវិធីនេះ តែយើងចាំដូចដល់ថ្នាក់ទី១២ចប់ហើយបានយើងតម្រង់ទិស ចឹងគាត់រៀន១២ឆ្នាំហើយបានទៅ ចឹងខ្ញុំឱ្យគិតគូរឡើងវិញថា គួរតែផ្ដល់ការណែនាំនេះពីដើមបន្តិចទៅដើម្បីគាត់សម្រេចចិត្ត ចឹងយើងបានដាក់ទិសដៅទៅថ្ងៃមុខ»៕