រដ្ឋបាលខេត្តកំពង់ស្ពឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ក្រោមអធិបតីភាពឯកឧត្ដម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ គឺជាការបើកទំព័រថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈអនុស្សរណៈនេះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ រដ្ឋបាលខេត្តអាចយកសំណុំរឿងនោះមកឱ្យអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអ.ជ.ក។ រដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេសកំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌអ.ជ.ក និងមានអនុភាពស្មើនឹងសាលក្រមតុលាការដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀងបញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បណ្តឹងភាគច្រើនដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លីដែលអាជ្ញាធរទទួលបានក្នុងឆ្នាំ២០២៤ ក្នុងនោះមានបណ្តឹងចំនួន១៣៩ករណីដោះស្រាយចប់ ៣២ករណីកំពុងដោះស្រាយ ៥៧ករណីបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ១៦ករណីម្ចាស់ដកពាក្យបណ្តឹង និង២៩ករណីមិនទាន់ដោះស្រាយ។ ដោយឡែកក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ពាក្យបណ្តឹងដែលយើងទទួលបានមាន៨០ករណី បណ្តឹងដោះស្រាយចប់៤ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ៤៥ករណី ម្ចាស់ដកពាក្យបណ្តឹងមាន២ករណី និងមិនទាន់ដោះស្រាយមានចំនួន១០ករណី។ ឯកឧត្តមបានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តបាន និងកំពុងព្យាយាម ជំរុញពន្លឿនការដោះស្រាយករណីវិវាទដីធ្លីនិងបានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីផងដែរ៕