ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៨០០នាក់ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែសមុទ្រ

0

នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ VIKING VENUS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៨០០នាក់ ស្មើនឹង២០សញ្ជាតិ បានចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ VIKING VENUS សញ្ជាតិ NORWAY មានបណ្តោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៨៣០នាក់ ស្រី៤៤២នាក់ ស្មើនឹង២០សញ្ជាតិ និងមាននាវិកសរុបចំនួន៤៦៣នាក់ ស្រី១០២នាក់ ស្មើនឹង ៣៥សញ្ជាតិ។ នាវាទេសចរណ៍ VIKING VENUS បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស VIKING VENUS ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៧១០នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរតាមនាវាចូលក្នុងប្រទេសកម្ពុជា បន្តដំណើរទៅទស្សនកិច្ចនៅអង្គរ ខេត្ត្តសៀមរាប មានចំនួន ៣១នាក់ ស្រី ១៤នាក់ ស្មើនឹង១សញ្ជាតិ។ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទស្សនាក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ និងទៅកម្សាន្តតំបន់ អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។

ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕