សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍

0

ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាច្រើន។

សូមរម្លឹកថា ខេត្តតាកែវ ជាខេត្តវ័យចំណាស់ដែលបានកកើតទឹកដី និង អារ្យធម៌ខ្មែរដំបូងបង្អស់ តាំងពីសម័យអាណាចក្រហ្វូណន ឬ នគរភ្នំ ដែលបានបន្សល់ទុកនូវធនធានប្រវត្តិសាស្ត្រជា ប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទភ្នំដាសតវត្សទី៦ស្ថិតនៅស្រុកអង្គរបុរី ប្រាសាទភ្នំ បាយ៉ង់សតវត្សទី៧ស្ថិតនៅលើកំពូលភ្នំបាយ៉ង់ ស្រុកគិរីវង់ ប្រាសាទនាងខ្មៅសតវត្សទី១០ ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំជីសូរ្យសតវត្សទី១១ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំតាម៉ៅ សតវត្សទី១១ស្ថិតក្នុងស្រុកបាទី ប្រាសាទតាព្រហ្មសតវត្សទី១២និងដើមសតវត្សទី១៣ស្ថិត ក្នុងស្រុកបាទី ហើយទីតាំងប្រាសាទទាំងនោះ បានប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិទស្សនា និង សិក្សាស្វែងយល់។

ក្រៅពីនោះ ក៏មានតំបន់ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍កែច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តផងដែរ ដូចជា រមណីយដ្ឋានទន្លេបាទី រមណីយដ្ឋានទឹកជ្រោះផ្អោក រមណីយដ្ឋានភ្នំខ្លែង រមណីយដ្ឋានភ្នំជីតាពេជ្រ រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និង វត្តពុទ្ធគិរីកម្ពុជា។

ក្នុងឱកាសថ្លែងបើកបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវក៏មានមូលដ្ឋានអាជីវកម្ម សម្រាប់បម្រើសេវាកម្មម្ហូបអាហារដ៏មានសក្តានុពល ដែលជាប្រភេទបង្កងធម្មជាតិ និងត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រ(GI) ដោយក្រសួងពាណិជ្ជកម្ម។

ក្នុងឆ្នាំ២០២៤ កន្លងទៅ ទទួលបានទិន្នផលចំនួន ៥០តោនសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និង ក្រៅខេត្ត។ ទន្ទឹមនេះ ពងទា ស្រែរនោងក៏ត្រូវបានទទួលស្គាល់ថា ជាប្រភេទពងទាមានរស់ជាតិឆ្ងាញ់ដែលអាចទទួល បានទិន្នផលជាមធ្យម ១១៤.០០០គ្រាប់ក្នុងមួយថ្ងៃ និងប្រមាណជាង ១០០លានគ្រាប់ក្នុងមួយឆ្នាំ សម្រាប់នាំចេញលើទីផ្សារទាំងក្នុងខេត្ត និង ក្រៅខេត្តផងដែរ៕