Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យវិស័យធនាគារឯកជនផ្តល់ឥណទាន ដល់វិស័យទេសចរណ៍តាមសហគមន៍ក្នុងអត្រាការប្រាក់ទាប

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យវិស័យធនាគារឯកជនផ្តល់ឥណទាន ដល់វិស័យទេសចរណ៍តាមសហគមន៍ក្នុងអត្រាការប្រាក់ទាប

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យធនាគារឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ សហគមន៍ខ្នាតតូចៗ ដែលមានភាពរឹងមាំ និងសក្តានុពល តាមរយៈការផ្តល់ឥណទាន ក្នុងអត្រាការប្រាក់ទាប ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវឱ្យប្រជាពលរដ្ឋនៅសហគមន៍ ខិតខំយ៉ាងណា កសាងឱ្យបាននូវសហគមន៍រឹងមាំ ដោយឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន ទើបអាចជោគជ័យ ។

សម្តេច បានសង្កត់ធ្ងន់ថា រដ្ឋអាចជួយ និងអ្នកក្រៅអាចជួយមួយចំនួន ប៉ុន្តែដែលអាចជួយឱ្យរស់ពិតប្រាកដ គឺអ្នកក្នុងសហគមន៍ផ្ទាល់នេះឯង ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍជាពិសេសទៅលើទេសចរណ៍ខ្នាតតូច ទេសចរណ៍បែបធម្មជាតិ ទេសចរណ៍សហគមន៍នេះ គឺត្រូវភ្ជាប់ ។ តួរយ៉ាង គ្រាន់តែការធ្វើនេសាទរបស់សហគមន៍ដែលមានជាយូរឆ្នាំមកហើយ ក៏អាចបង្កើតជាកន្លែងទាក់ទាញនូវទេសចរណ៍ ដែលចង់មើលអ្វីប្លែកៗ ដូចជាការទិញលក់ត្រី ដោយបង្កើតជាអាហារដ្ឋាននៅនឹងកន្លែងជាដើម ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយខ្ញុំគិតថា យើងការជួយសម្រួលពង្រឹងនេះ ហើយប្រសិនជាមាន ការវិនិយោគទៀត កុំចាំបាច់ទាល់តែក្រុមហ៊ុនឯកជនមកវិនិយោគ សហគមន៍ដែលអាចបាន យើងនិយាយជាមួយធនាគារឯកជន មើលសហគមន៍រឹងមាំ សក្តានុពលជាជួយផ្តល់នូវហិរញ្ញប្បទាន ដូចយើងធ្វើនៅក្នុងវិស័យកសិកម្ម នៅក្នុងវិស័យផ្សេងៗ ចឹងខ្ញុំសូមឱ្យខាងវិស័យធនាគារឯកជនរបស់យើង គិតគូអំពីការជួយផ្តល់ហិរញ្ញប្បទាន ឥណទាន ជូនទៅដល់ខាងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ នៅក្នុងអត្រាដែលការប្រាក់ល្អផង ដើម្បីជួយសម្រួលឱ្យគាត់ នៅក្នុងកិច្ចការងារនេះ ជួនជាមួយនឹងការជួយរបស់ក្រសួងស្ថាប័នរបស់យើង ក្នុងការពង្រឹងសហគមន៍ បច្ចេកទេស ឬមួយប្រព័ន្ធ ដើម្បីឱ្យមានភាពជោគជ័យ ទាំងអស់នេះ ហើយគឺការជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក»៕

Previous articleភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៨០០នាក់ ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែសមុទ្រ
Next articleសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ អតីតព្រះតេជគុណ ជួន កក្កដា សម្រេចចិត្តលាចាកសិក្ខាបទដោយព្រះអង្គឯង មិនមាននរណាចាប់បង្ខំឡើយ