មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ បញ្ជាក់ពីការរួមគ្នាជំរុញលំហូរភ្ញៀវតាមច្រក​អន្តរជាតិប៉ោយប៉ែតពី ៣ទៅ៤លាននាក់

0

មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីការទូតនៃ​ប្រទេស​ថៃ បានយល់ស្របគ្នាក្នុងការធ្វើសកម្មភាព​នានាបម្រើឱ្យវិស័យ​ទេសចរណ៍នៃប្រទេសទាំងពីរដែលមានព្រំដែនជាប់គ្នា ពិសេសគឺ​លំហូរ​ភ្ញៀវឆ្លងកាត់ច្រក​ព្រំដែន​អន្តរជាតិ​នៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ រវាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម ទុល ត្រៃសូរ៉ាត់ ( Tull TRAISORAT )ឯកអគ្គរាជទូតថៃប្រចាំ​កម្ពុជា បានលើកឡើង​ពីសារសំខាន់នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម​ ។មន្រ្តីនៃប្រទេស​ទាំងពីរបានយល់ដូចគ្នាថា វិស័យទេសចរណ៍ជាវិស័យអាទិភាព ខណៈតួលេខប្រចាំឆ្នាំនៃ​លំហូរជនជាតិថៃ និងអន្តរជាតិដែលបាន​ឆ្លងចេញ-ចូលប្រទេសថៃ និងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិរវាង ប្រទេស​ទាំងពីរមាន​ប្រមាណ​​ជាង​២លាននាក់ ។មន្រ្តីកម្ពុជា ថៃ បាន​បញ្ជាក់នូវអនុវត្ត​គោលដៅរួម គឺ​ជំរុញ​កំណើនភ្ញៀវ​ពី៣លាន​​ទៅ៤លាន​នាក់។

សូមជម្រាបថា បន្ទាយមានជ័យ ជាខេត្តភាគខាងលិចប្រទេស ដែល​មានព្រំដែនជាប់នឹងប្រទេសថៃ ។ជាការកត់សម្គាល់​បន្ទាយមានជ័យ ជា​ខេត្តមានតំបន់ទេសចរណ៍ច្រើនគួរសម ហើយក៏ជាខេត្តត​ភ្ជាប់​ទៅកាន់តំបន់អង្គរ​ខេត្តសៀមរាបផងដែរ ។ ខែមករាកន្លង​ទៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែតមានភ្ញៀវអន្តរជាតិចូលតាមច្រកនេះចំនួន​១៨៣.៦៣៩នាក់ និងភ្ញៀវ​ទេសចរ​ចេញចំនួន១៨៦.២២១នាក់។

ឯកឧត្ដម ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃ បានបញ្ជាក់ពី​ទិសដៅ​រួមគ្នានេះ ពីព្រោះវិស័យ​ទេសចរណ៍​ក៏ជាផ្នែកមួយ​យ៉ាង​សំខាន់​ជំរុញដល់​វិស័យ​ពាណិជ្ជកម្មផងដែរ ខណៈឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា វិស័យទេសចរណ៍ ជាឧស្សាហកម្ម​គ្មាន​ផ្សែង ហើយក៏ជា​ប្រភពចំណូលថវិកា​ជាតិ​យ៉ាងសំខាន់​។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ឯកឧត្តមឯកអគ្គរាជទូត​ថៃប្រចាំកម្ពុជា ក៏បានទស្សនកិច្ចនៅរោងចក្ររបស់ ក្រុមហ៊ុន ធី.ខេ ហ្គាមេន ស៊ីសុផុន ចំកាត់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ៕