រដ្ឋាករទឹកខេត្តកំពង់ចាម បានផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ ដោយមានអត្រាគ្របដណ្តប់លើផ្ទៃសេវាកម្ម ចំនួន៦៨ភូមិក្នុងចំណោម៨២ភូមិ បើគិតត្រឹមបំណាច់ឆ្នាំ២០២៤។ សមិទ្ធិផលនេះសបញ្ជាក់ឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់រដ្ឋាករទឹកកំពង់ចាមក្នុងការអភិវឌ្ឍវិស័យទឹកស្អាត និងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា ស្តីពី«ទឹកស្អាតនិងអនាម័យត្រឹមឆ្នាំ២០៣០»។
ក្រោយថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា រដ្ឋាករទឹកខេត្តកំពង់ចាមបានដាក់ឱ្យដំណើរការឡើងវិញលើប្រព័ន្ធផលិតកម្ម និងបណ្តាញដែលចាស់និងទ្រុឌទ្រោម (ដំណើរការផ្គត់ផ្គង់ពី៤ម៉ោងទៅ៦ម៉ោងក្នុង១ថ្ងៃ និងមានអតិថិជន ៨០០បណ្តាញបានប្រើប្រាស់) ។ ពីឆ្នាំ២០០៦-២០១៦ ក៏បានដាក់ចេញគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធបណ្តាញចែកចាយទឹកស្អាត របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB-1725-CAM(SF)។ ចាប់តាំងពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន គម្រោងហិរញ្ញប្បទានសម្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាត មានសមត្ថភាព ផលិតបាន ១១,៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយមានបណ្តាញចែកចាយប្រវែង៥៧គីឡូម៉ែត និងដំណើរការផ្គត់ផ្គង់២៤ម៉ោងលើ២៤ម៉ោង។ ដែលទាំងអស់នេះជាការវិវត្តន៍ការងារផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តកំពង់ចាម។ នេះជាប្រសាសន៍របស់ឯកឧត្តម តេង សាវឿន អគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម។
ឯកឧត្តម តេង សាវឿន មានប្រសាសន៍ បន្ថែមដូច្នេះថា៖ ស្ថានភាពរដ្ឋាករទឹកខេត្តកំពង់ចាមយើងបានចាប់ផ្ដើមស្ដារឡើងវិញក្រោយពីឆ្នាំ ១៩៧៩ មកគឺយើងប្រើប្រាស់នូវប្រភពទឹកចាស់តាំងពីសម័យបារាំងដែលជាប្រភពទឹកក្រោមដី។ ការផ្គត់ផ្គង់ទឹកយកប្រភពពីក្រោមដី គឺមកដល់បច្ចុប្បន្នមិនមាននិរន្តរភាពទៀតទេ។ នៅឆ្នាំ ២០១៦ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA បានធ្វើការសាងសង់នូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយដែលយកប្រភពទឹកពីទន្លេមេគង្គ។ប្រភពទឹកនេះធានាបាននូវនិរន្តរភាព និងការផ្គត់ផ្គង់ទឹកសម្រាប់អនាគត។ ទោះបីជាយ៉ាងណា យើងឃើញថាដំណើរការនៃការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការនៃការផ្គត់ផ្គង់ទឹកស្អាតទាមទារបង្កើននូវសមត្ថភាព ដើម្បីឲ្យស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់»។
ឯកឧត្តមអគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម បានមានប្រសាសន៍បន្តថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជា ៧៣%នៃប្រជាជនសរុបដែលទទួលបានទឹកស្អាតនៅក្នុងតំបន់សេវាកម្ម។ រដ្ឋាករទឹកកំពង់ចាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សម្រាប់ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា ស្តីពី«ទឹកស្អាតនិងអនាម័យត្រឹមឆ្នាំ២០៣០»។
រដ្ឋាករទឹកកំពង់ចាម បានគិតគូរពីតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋ ដោយបានរកដៃគូអភិវឌ្ឍន៍នានា សម្រាប់ធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់បន្ថែម ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ បច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិងបណ្ដាញថ្មី ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មបានប្រមាណ ៧.០០០តំណ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥នេះ ។
គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ហើយគម្រោងនេះ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD ។ បើតាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម គម្រោងអនុវត្តបានប្រមាណ៨៦ភាគរយ ដោយមានការយឺតយ៉ាវជាងផែនការ ដោយសារតែស្ថានភាពភូមិសាស្ត្រ និងកំរិតទឹកទន្លេឡើងលឿនជាងបណ្តាឆ្នាំមុន ។
តែយ៉ាងណាក៏ដោយ អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល់ទី១របស់រាជរដ្ឋាភិបាល រដ្ឋាករទឹកខេត្តកំពង់ចាម បានកំណត់នូវគោលដៅនាអនាគតជាច្រើន ដើម្បីធានាបានការផ្គត់ផ្គង់ និងគ្រប់គ្រងទឹកស្អាតប្រកបដោយ គុណភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។
ឯកឧត្តម តេង សាវឿន បានមានប្រសាសន៍ឱ្យដឹងទៀតថា ការពន្លឿននេះ ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា ស្តីពី«ទឹកស្អាតនិងអនាម័យត្រឹមឆ្នាំ២០៣០» ដោយផ្ដោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងឈរលើបុរេលក្ខខណ្ឌ៤យ៉ាង។
លោកស្រី ស៊ឹង សុផារត្ន័ ប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាមផ្ទាល់ និងក្នុងនាមជាអ្នកប្រើប្រាស់ផ្ទាល់បានលើកឡើងថា គុណភាពទឹកស្អាតដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្តកំពង់ចាមស្របតាមស្តង់ដារគុណភាពទឹកផឹករបស់អង្គការសុខភាពពិភពលោក ព្រមទាំងស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ គឺជាទឹកស្អាត ផឹកបានដោយផ្ទាល់។
ឯកឧត្ដមអគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម ក៏បានស្នើសុំទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួម អនុវត្តការងារឲ្យបានផុសផុល ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាញទឹកស្អាត និងចូលរួមកាត់បន្ថយការរំខានដល់ការប្រើប្រាស់ទឹកស្អាត ។ ជាងនេះទៅទៀត ឯកឧត្តម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ និងសូមរាយការណ៍ នៅពេលដែលទឹកនៅតំបន់របស់ខ្លួនមានជួបបញ្ហាផ្សេងៗ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តកំពង់ចាមមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិតទឹកបានចំនួន ១១.៥០០ម៉ែតគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោងក្នុងមួយថ្ងៃ ។ មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួនជិត ១៨.៦០០គ្រួសារ(១៨.៥៩៣) ដែលស្មើនឹង៧៣ភាគរយនៃអ្នកទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់លើផ្ទៃសេវាកម្មបានចំនួន៦២ ក្នុងចំណោម៨២ភូមិ ដែលស្មើនឹង៨៣ភាគរយ ៕