កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ«កំពង់ផែរាម» ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។
នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលចំហរខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នឹងបើកចំហឱ្យនាវាប្រទេសផ្សេងៗទៀតដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជាចូលចតនៅកំពង់ផែរាម បន្ទាប់ពីការចូលចតរបស់នាវាជប៉ុន។
លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងការថ្លែងអរគុណរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ នេះបង្ហាញពីតម្លាភាពក្នុងការពង្រឹងសន្តិសុខអន្តរជាតិ៕