សម្តេចធិបតី មានមោទនភាពចំពោះវិស័យឯកជន ក្នុងការធានាបានម្ចាស់ការ លើការផ្គត់ផ្គង់ទំនិញក្នុងស្រុកមួយចំនួន ដោយមិននាំចូលពីក្រៅ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះវិស័យឯកជន ដែលបានរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិត្តិយសជាតិ និងធានាបាននូវម្ចាស់ការ ក្នុងការផ្គត់ផ្គង់សម្ភារប្រើប្រាស់ និងទំនិញក្នុងស្រុកមួយចំនួនជាជំហានៗ និងកំពុងឈានដល់ការបញ្ឈប់ការនាំចូលមុខទំនិញដែលកម្ពុជាអាចផលិតបានដោយខ្លួនឯងផងដែរ ។

នេះបើតាមអ្វីដែលសម្តេចធិបតី​ បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅដឹព្រេមៀសេនធ័រសែនសុខ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងពីការពង្រឹងសកម្មភាព ក្នុងការផ្គត់ផ្គង់សម្ភារនិងទំនិញ ក៏ដូចជាចំណីអាហារក្នុងស្រុក និងទៅថ្ងៃមុខអាចពង្រីកសកម្មភាព នៅក្នុងតំបន់ និងទៅក្រៅប្រទេស ។

កត្តាទាំងនេះ ត្រូវបានសម្តេចធិបតី ចាត់ទុកថា វិស័យឯកជន បានចូលរួមចំណែកជួយលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់កម្ពុជា និងមានជំនឿជឿជាក់ថា វិស័យឯកជន នឹងកាន់តែរឹងមាំតទៅទៀត ខណៈដែលវិស័យឯកជន គឺជាតួអង្គមួយផ្នែកធំ ដែលបានដើរតួនាទីច្រើន ក្នុងការបំពេញតម្រូវការនៅក្នុងស្រុក ។

ក្នុងនោះសម្តេចធិបតី ក៏បានរំលឹកដែរថា កាលពីមុនកម្ពុជា មិនអាចមានលទ្ធភាព សូម្បីទឹកក្រូច១កំប៉ុង ទឹកសុទ្ធ១ដប សុទ្ធតែនាំចូលពីគេមកទាំងអស់។

សម្តេចធិបតី មានប្រសាសន៍ថា “ឥឡូវយើងអាចផ្គត់ផ្គង់មួយផ្នែកខ្លួនយើង សូម្បីវិស័យកសិកម្ម ឥឡូវខ្ញុំសួរថា ជ្រូកឥឡូវយើងឈប់នាំចូលទៅហើយ យើងផ្គត់ផ្គង់ក្នុងស្រុកចឹងយើងឈានទៅដល់តាមផ្នែកតាមវិស័យមួយៗទៀត ពិតណាស់ទំនិញផលិតផលកសិកម្ម១០០ ឬ១០០០មុខ យើងមិនអាចថា យើងត្រូវផ្គត់ផ្គង់ខ្លួនឯងទាំងអស់នោះទេ បើយើងប្រទេសយើងតូចយើងផលិតតិចៗផ្គត់ផ្គង់ទៅអត់រួច ប៉ុន្តែយើងត្រូវធានាម្ចាស់ការ ក្នុងការផ្គត់ផ្គង់ផ្ទៃក្នុងឱ្យកាន់តែច្រើន” ។

បន្ថែមលើនេះ សម្តេចធិបតី បានកត់សម្គាល់ឃើញថា សម្ភារសំណង់មួយចំនួន ដូចជាស៊ីម៉ង់ត៍ជាដើម កម្ពុជា ស្ទើរតែលែងធ្វើការនាំចូលទៅហើយ ​និងកំពុងមានការផលិតកាន់តែច្រើន និងសូម្បីតែកង់រថយន្ត ក៏មានការផលិតនាំចេញទៅក្រៅប្រទេសរាប់លានគ្រាប់ផងដែរ ។

ក្នុងនោះសម្តេចធិបតី រំលេចថា នៅថ្ងៃខាងមុខ នឹងមានការពិនិត្យច្រកចេញចូលទំនិញ នៅក្នុងការផ្គត់ផ្គង់ទីផ្សារផងដែរ៕