សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការកសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ ដើម្បីពង្រីកផ្នែកវិនិយោគទុនពីបរទេស

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការកសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ ដើម្បីពង្រីកផ្នែកវិនិយោគទុនពីបរទេសស្របតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះគឺ ការទូតសេដ្ឋកិច្ច ដែលផ្តោតទៅលើការពង្រឹងវិស័យឯកជន ដែលមិនត្រឹមតែក្នុងប្រទេសទេ ប៉ុន្តែការធ្វើទំនាក់ទំនងនៅក្រៅប្រទេសថែមទៀតផង។ ការវាយតម្លៃរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីចំពោះសមាគមឧកញ៉ាកម្ពុជាដូចនេះធ្វើឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅដឹព្រេមៀ សេនធ័រ សែនសុខ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងន័យនេះរាល់កិច្ចការងារទស្សនកិច្ចនៅក្រៅប្រទេសរបស់ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល យើងតែងតែមានការអមដោយវិស័យឯកជនទៅជាមួយ។ សម្តេចសូមអរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានសហការជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងជាមួយវិស័យឯកជន ដោយសម្តេចបានគូសបញ្ជាក់ថា រដ្ឋាភិបាលមិនអាចធ្វើខ្លួនឯងបានទេ រឿងការទូតសេដ្ឋកិច្ចរដ្ឋាភិបាលបានត្រឹមចរចាធ្វើជាស្ពានតភ្ជាប់ ចរចាបើកទ្វារព្រំដែន ចរចាដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគ ប៉ុន្តែរដ្ឋាភិបាលមិនអាចទៅធ្វើជាដៃគូវិនិយោគជាមួយបរទេសនោះទេ ពោលគឺមានតែវិស័យឯកជន និងវិស័យឯកជនទេ។ សម្តេចបានបន្តថា គ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោកគឺសុទ្ធតែមានការខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគ។ ដូច្នេះ ហើយកម្ពុជាក៏ត្រូវតែខិតខំ ដោយត្រូវប្រើប្រាស់នូវកម្លាំងសរុបទើបអាចទាក់ទាញបាន មានន័យថា វិស័យឯកជន គេជឿលើវិស័យឯកជនគ្នាគេ បើគេនិយាយជាមួយមន្ត្រីរដ្ឋាភិបាល គឺគេដឹងបានត្រឹមតែពីគោលនយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ តែបើនិយាយគ្នាអំពីរឿងវិនិយោគដើម្បីរកចំណេញយ៉ាងណាៗនោះ ទាល់តែនិយាយគ្នាជាមួយវិស័យឯកជនគ្នាគេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់ ដែលនៅពេល ខ្លះអ្នកវិនិយោគថ្មីចូលមកគេតែងតែរកដៃគូនៅក្នុងស្រុកដើម្បីធានានូវភាពជឿជាក់ ព្រោះគេអត់បានដឹង ថាយ៉ាងណាទេ។ ហេតុដូចនេះហើយនៅពេលកន្លងទៅគឺមានការចុះកិច្ចព្រមព្រៀងជាមួយគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីធ្វើការងារជាមួយគ្នាដោយទំនុកចិត្ត។

សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ២០២៤កន្លងទៅកម្ពុជាទទួលបានគម្រោងវិនិយោគទុនប្រមាណ ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាម៉េរិកនូវគម្រោងដែលបានស្នើសុំ និងទទួលការអនុម័តលើការវិនិយោគនៅកម្ពុជា ដែលតាមទិន្នន័យនេះ វាគឺជាឆ្នាំដែលយើងទទួលបានគម្រោងវិនិយោគច្រើនជាងឆ្នាំណាៗទាំងអស់ និងមិនធ្លាប់មានពីមុនមកសោះហើយ៕