សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត៨០លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

0

កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប រួមមានឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមរយៈទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។

ជាមួយគ្នានេះ កញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថានឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។

គួរបញ្ជាក់ថាមុននេះ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះនូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន៦០លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រចំនួន៤,៥ លានអឺរ៉ូទៀតពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះនាំឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះកើនឡើងដល់ជិត ៨០ លានអឺរ៉ូ។ ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបនេះ នឹងជួយដល់ការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា ផ្ដល់ជូនកសិករខ្នាតតូច កសិធុរកិច្ច និងក្រុមផលិត នូវឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញផលិតកម្ម ផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ និងគ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥.០០០ គ្រួសារ ដោយបង្កើតឱកាសរកចំណូលថ្មីៗ ជាពិសេសនៅតំបន់ជនបទ ដោយផ្តោតជាសំខាន់ទៅលើការផ្តល់ភាពអង់អាចដល់ស្ត្រី បំផុសឱ្យមានការចូលរួមពីយុវជន ក៏ដូចជាផ្ដល់ការគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កិច្ចព្រមព្រៀងសម្រេចបាននាពេលនេះ គឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ស្របពេលដែលកម្ពុជាមានគោលបំណងសម្រេចឱ្យបាននូវគោលដៅក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “តាមរយៈកិច្ចសហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ”៕