ពលរដ្ឋជាង ១ ៦០០គ្រួសារក្នុងភូមិចំនួន៣ នៃស្រុកឈូក ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាល

0

អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីរជំនាញ បានបន្តចុះចែកបណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនពលរដ្ឋប្រមាណ ១ ៦៥៩គ្រួសារ ដែលបានធ្វើការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់។ អាជ្ញាធរខេត្ត រួមនឹងមន្ទីរជំនាញនឹងបន្តការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនពលរដ្ឋចំនួន ៣ភូមិ ស្ថិតក្នុងឃុំចំនួន២ ក្នុងស្រុកឈូក ដែលពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណ វត្តអង្គល្បើក។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូជានិច្ចនូវកិច្ចការងារពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយសម្តេចបានដាក់ចុះនៅយន្តការ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំនាញត្រូវពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័យបំផុត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការពន្លឿននៃការចេញបណ្ណកម្មសិទ្ធិដីធ្លី ឱ្យបានឆាប់រហ័សនេះ គឺសំដៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លីច្បាស់លាស់ទាំងអស់ទទួលបាននូវការគ្រប់គ្រងដីធ្លីដោយស្របច្បាប់ ហើយក៏បានជួយកាត់បន្ថយនូវវិវាទដីធ្លី ដែលកើតឡើងដោយការកាន់កាប់ដីធ្លីមិនច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ សូមរក្សាទុកនូវបណ្ណនេះឱ្យបានត្រឹមត្រូវ ហើយប្រសិនបើយកទៅប្រើប្រាស់ ក៏ត្រូវយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវដែរ ព្រោះបណ្ណនេះគឺជាទ្រព្យសម្បត្តិមួយ ដែលអាចឱ្យយើងយកទៅពង្រីកមុខរបរបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា សកម្មភាពការងាររបស់មន្ត្រីជំនាញ ដែលបានខិតខំបំពេញការងារក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានដាក់ចេញនូវគោលនយោបាយពន្ធសូន្យ (ការផ្ទេរកម្មសិទ្ធិពីម្តាយទៅកូន) ជាដើម។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន៣ភូមិ ដែលមានក្បាលដីសរុបចំនួន ៣ ១៦០ បណ្ណ ស្មើនឹង ១ ៦៥៩គ្រួសារ ក្នុងនោះរួមមាន៖ ភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក មាន ក្បាលដីសរុបចំនួន ២៨ ក្បាលដី ស្មើនឹង ៣ គ្រួសារ, ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក មានក្បាលដី សរុបចំនួន ១ ៦៨៤ក្បាលដី ស្មើនឹង ៧៨៩ គ្រួសារ, ភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក មានក្បាលដី សរុបចំនួន ១ ៤៤៨ក្បាលដី ស្មើនឹង ៨៦៧ គ្រួសារ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានបន្តថា ក្រោមការដឹកនាំគាំទ្រ និងចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លើសម្ភារឧបករណ៍បច្ចេកទេសក្នុងការជំរុញការងារចុះបញ្ជីដីធ្លី មន្ទីរនិងខិតខំពន្លឿនការងារចេញបណ្ណកម្មសិទ្ធិក្នុងខេត្តឱ្យបានចប់រួចរាល់ទាំងអស់ក្នុងឆ្នាំ២០២៥នេះ៕