រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំសង្ក្រាន្តឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

0

រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមរៀបចំសង្ក្រាន្តឱ្យបានធំជាងឆ្នាំមុន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបង្កើនបរិយាកាសសប្បាយដល់ពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យកាន់តែអធិកអធម។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ឆ្នាំនេះខេត្តកំពង់ស្ពឺនឹងមានការ រៀបចំសង្ក្រាន្តកំពង់ស្ពឺ ឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ងាកមកចាប់អារម្មណ៍ សង្ក្រាន្តកំពង់ស្ពឺ និងចូលរួមទស្សនាកម្សាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ បន្ថែមពីនោះទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏កំពុងរៀបចំលម្អភ្លើងពណ៌តាមតំបន់សំខាន់ៗក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរផងដែរ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្ត ក្នុងខេត្តកំពង់ស្ពឺឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ មន្ទីរបានរៀបចំនិងអនុវត្តសកម្មភាពមួយចំនួនដូចជា ចុះពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ តាមគោលដៅធំៗ ដែលជាគោលដៅមានភាពទាក់ទាញខ្លាំង ,ផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំទាំង៦ចំណុច ជាពិសេសបានក្រើនរំឭកពីការរក្សាគុណភាពផលិតផល ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាកម្មឱ្យបានសមរម្យ និងចុះត្រួតពិនិត្យលើបញ្ហាតម្លៃម្ហូបអាហារ ក៏ដូចជាសេវាស្នាក់នៅផ្សេងៗ ចៀសវាងមានការឡើងថ្លៃក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី នេះផងដែរ។

គួរជម្រាបថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយស្ថិតនៅភាគខាងលិចមានចម្ងាយ ៤៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានស្ថានភាពភូមិសាស្ត្រស្ថិតនៅតំបន់ខ្ពង់រាបនិងមានព្រៃភ្នំ ដែលសម្បូរទៅដោយភ្នំ ធនធាន ធម្មជាតិដ៏ស្រស់ត្រកាលនិងអំណោយផលដល់កសិកម្ម។ លើសពីនេះ ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាគឺភ្នំឱរ៉ាល់ ដែលមានកំពស់ ១,៨១៣ ម៉ែត្រ ក៏ស្ថិតនៅខេត្តកំពង់ស្ពឺផងដែរ។ភាពសម្បូរបែបនៃធនធានធម្មជាតិទាំងនេះហើយជាប្រភពនៃសក្តានុពលទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសម្រាកលម្ហែកាយ និងចង់ដឹងចង់ស្គាល់តំបន់ដែលមានទេសភាពល្អស្អាតនៅក្នុងខេត្តនេះដែរ ដែលមានដូចជា ភ្នំឱរ៉ាល់ ភ្នំខ្នងផ្សារ ទឹកធ្លាក់ជ្រាវ ឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ទឹកធ្លាក់ចំបក់ និងតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗជាច្រើនទៀត៕