វត្តឈើខ្មៅ ឬវត្តទួលអណ្ដែត គឺជាវត្តបុរាណមួយដែលពុទ្ធស័ទជិតឆ្ងាយ រួមទាំងជនជាតិភូមាផងតែងជឿថាមានបារមីខ្លាំងពូកែព្រោះតែវត្តមួយនេះស្ថិតនៅលើទីទួលមួយមិនលិចទឹកទោះជាទឹកទន្លេជន់ឡើងខ្លាំងក៏ដោយ ហើយវត្តនេះទៀតសោតត្រូវបានកសាងឡើងជាង១០០ឆ្នាំមកហើយនៅក្នុងតំបន់ព្រៃរនាមនាបឹងទន្លេសាបសំបូរទៅដោយពស់អសិរពិស ដែលពីមុនៗមកពុំសូវមានអ្នកស្គាល់ឡើយ។
បើយើងធ្វើដំណើរដោយកាណូតឬទូកស្មាច់ពីក្រុងបាត់ដំបងតាមបណ្ដោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោម ប្រើរយៈពេលពី ៣ទៅ៤ម៉ោង យើងនឹងទៅដល់វត្តបុរាណ វត្តឈើខ្មៅ ឬវត្តទួលអណ្ដែត ។ទីតាំងវត្តនេះមានចម្ងាយ ៥៤ គីឡូម៉ែត្រពីក្រុងបាត់ដំបង បច្ចុប្បន្នបានប្រែក្លាយទៅជារមណីយដ្ឋានសាសនាល្បីល្បាញមួយចំណោមទីវត្តអារាមទាំង៣៨៣កន្លែងក្នុងខេត្តភាគពាយ័ព្យនេះ។
បើតាមប្រវត្តិដែលបានកត់ត្រា វត្តឈើខ្មៅមានអាយុកាល១៣៨ឆ្នាំមកហើយ គឺព្រះវិហារវត្តនេះកសាងឡើងនៅឆ្នាំ ១៨៨៧លើទីទួលមួយហ៊ុំព័ទ្ធដោយព្រៃរនាមនិងសំបូរពស់វែករនាមរស់នៅហើយតាំងពីបុរាណកាលមកគឺទួលនេះមិនធ្លាប់លិចទឹកទាល់តែសោះបើទោះបីជាខែវស្សាទឹកទន្លេជន់ជោរបែបណាក៏ដោយ ទើបគេប្រសិទ្ធនាមថ្មីថាវត្តទួលអណ្ដែត។
កាលពីបុរាណកាលគឺនៅលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ដែលអ្នកភូមិបានកាប់ដើមឈើខ្មៅទាំងនេះយកមកកសាងព្រះវិហារ ហើយក៏នាំគ្នាហៅថាវត្តឈើខ្មៅចាប់តាំងពីពេលនោះមក។ រចនាបទព្រះវិហារវត្តឈើខ្មៅស្រដៀងគ្នាទៅនឹងព្រះវិហារវត្តភ្នំយ៉ាតនីឯក្រុងប៉ៃលិន។
បើតាមប្រសាសន៍របស់លោកអាចារ្យ សាន ឈុំ បានប្រាប់ថា ទីអារាមនេះមិនសូវមានភ្ញៀវឆ្ងាយៗចូលទៅធ្វើបុណ្យទានប៉ុន្មានទេនៅថ្ងៃធម្មតាដោយសារតែការធ្វើដំណើរមកពីឯកភ្នំត្រូវប្រើរយៈពេល៣ទៅ៤ ម៉ោងនៅរដូវប្រាំង។ បើនៅខែវស្សាគឺត្រូវប្រើពេល ៥ ម៉ោងឯណោះទើបមកដល់វត្ត ប៉ុន្តែសម្រាប់អ្នកភូមិនានាក្នុងឃុំកោះជីវាំងមានជំនឿថាទីតាំងវត្តនិងព្រះបដិមាករក្នុងទីអារាមនេះគឺមានបារមីខ្លាំងពូកែជួយថែរក្សាពួកគេឱ្យមានសេចក្តីសុខនោះតែងប្រគេនបច្ច័យនិងចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃគង់នៅទីនោះមិនចេះដាច់។
សព្វថ្ងៃវត្តនេះមានទូក ង មួយដែលកសាងឡើងដោយដើមគគីនៅក្នុងវត្តត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវរត្តដាក់ឈ្មោះថា “ពពកអណ្ដែតសជ័យ បារមីវត្តឈើខ្មៅ” ហើយក៏ធ្លាប់ចូលរួមប្រកួតនៅខេត្តបាត់ដំបងផងដែរ។ ចំណែកលោកសាន កុលកុសល មគ្គុទេសទេសចរណ៍មកពីខត្តសៀមរាប បានបញ្ជាក់ប្រាប់ថា បើទោះបីជាទីអារាមវត្តឈើខ្មៅនេះនៅឆ្ងាយមិនសូវមានភ្ញៀវដែលជាអ្នកធ្វើបុណ្យចូលទៅដល់ក៏ដោយ ក៏ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើដំណើរតាមកាណូតពីបាត់ដំបងទៅសៀមរាប ឬពីសៀមរាបមកបាត់ដំបងបានកំណត់គោលដៅឈៀងចូលមកទស្សនាកំសាន្តនៅវត្តឈើខ្មៅនេះជាហូរហែរ៕