ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សា ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ពីមន្ទីរកិច្ចការនារីខេត្តតាកែវ

0

ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ចំនួន៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ពីមន្ទីរកិច្ចការនារី ខេត្តតាកែវ ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ក្រោមវត្តមានចូលរួមបើកដោយ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ រួមជាមួយអាជ្ញាធរស្រុកកោះអណ្តែត និងអាជ្ញាធរមូលដ្ឋានផងដែរ។​

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារី ដែលបានគិតគូរ និងយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនស្ត្រី និងក្មេងស្រី ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដែលដូនតាបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

លោកស្រីបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី០៦ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ០១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់សមភាព (យេនឌ័រ) និងបង្កើនភាពអង់អាចដល់ស្ត្រីៗផងដែរ ដូចនេះហើយបានជាមន្ទីរកិច្ចការនារីខេត្ត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គោលដៅសំខាន់គឺជួយដល់ ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញផ្ទាល់ខ្លួន សម្រាប់ចិញ្ចីមជីវិត និងបង្កើនការងារជូនដល់ពួកគាត់ឱ្យមានជំនាញច្បាស់លាស់មួយ៕