អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ

0

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នាពេលថ្មីៗមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំ ពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ទាក់ទិននឹងការតែងតាំងខាងលើ ឯកឧត្តម អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជូនសាធារណជនថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖

«នាយករដ្ឋមន្ត្រី លើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖

– ទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា

– អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ឬមុខតំណែងប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

– អគ្គរាជទូត ឬមុខតំណែងប្រហាក់ប្រហែល

– ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព

– អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ

និង- អគ្គស្នងការនគរបាលជាតិ។

មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសរំលេចថា ដូច្នេះការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ៕