កម្ពុជា-ចិន ជំនួបពិភាក្សាគ្នាលើកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសទាំងពីរ

0

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដួរទស្សនស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។

ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់​ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសកម្ពុជា-ចិន។

ឯកឧត្តមបានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ស្របគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កាក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈយន្ដការការងារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់៕