កំណើននៃគម្រោងវិនិយោគគឺជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា

0

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឺជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់(Panel Discussion) ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» (Driving Prosperity Through Trade and Investment) ដែលជារបៀបវារៈមួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដោយបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធនឹងបែបផែនដែលសមាគមអាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជាដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ានកាន់តែមានភាពលេចធ្លោ នៅលើឆាកនៃវិស័យសេដ្ឋកិច្ចរបស់សកលលោក។

ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឺជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈវេទិកានៃការពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថាធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ៕