ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិស្សនិស្សិតគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីទៅក្នុងក្របខ័ណ្ឌគោលនយោបាយអប់រំ ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ កំណែទម្រង់វិស័យអប់រំ រួមទាំងកម្មវិធីកំណែទម្រង់នានា ព្រមទាំងបង្កើនការវិភាជថវិកាដែលឆ្លើយតបនឹងយេនឌ័រ។
ការស្នើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ការគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីទៅក្នុងក្របខ័ណ្ឌគោលនយោបាយអប់រំ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ កំណែទម្រង់វិស័យអប់រំ រួមទាំងកម្មវិធីកំណែទម្រង់នានា ព្រមទាំងបង្កើនការវិភាជថវិកាដែលឆ្លើយតបនឹងយេនឌ័រគឺទៅលើគោលដៅ៖ ១) ធានាសម្រេចឱ្យបានសមភាពយេនឌ័រក្នុងការចូលរៀន និងរៀនប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់សេវាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ។ ២) ធានាបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្តល់សេវាអប់រំ និង ៣) ធានាកសាងបរិស្ថានអប់រំ និងបណ្តុះឥរិយាបថវិជ្ជមានរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងយេនឌ័រ។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាទិភាពក្នុងការទទួលបាន និងអនុវត្តសិទ្ធិដោយសមភាព មានសមត្ថភាព និងបង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យអប់រំ និងនិស្សិត សិស្សស្រី ដូចជា៖ ១) បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យអប់រំនៅគ្រប់កម្រិត។ ២) បន្តគាំទ្រ និងលើកកម្ពស់តួនាទី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យអប់រំ តាមរយៈការអនុវត្តវិធានការគាំទ្រ និងការអភិវឌ្ឍសមត្ថភាព និង ៣) បង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល វិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM) និងការសិក្សាកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំបាន និងកំពុងអនុវត្តកំណែទម្រង់ យ៉ាងសកម្ម សំដៅអភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ការបន្តផ្តល់អាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយទទួលស្គាល់ថា សមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជារបៀបវារៈអន្តរវិស័យ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា៕