មន្ត្រីក្រសួងកសិកម្ម ណែនាំអោយអាជីវករលក់ថ្នាំកសិកម្ម នៅខេត្តត្បូងឃ្មុំ ជួយណែនាំដល់កសិករ អំពីរបៀបប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

0

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើង នៅសណ្ឋាគារ ភី អេន ធី ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួង និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អស់លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធាន ការិយាល័យ ព្រមទាំងមន្ត្រី និងមន្ត្រីកសិកម្មឃុំ អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អាជីវករ ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលមួយចំនួន ដែលរៀបចំឡើង ដោយក្រសួងកសិកម្មបានញឹកញាប់ ដើម្បីសិក្សាស្វែងយល់ ទទួលបានធាតុចូលថ្មីបន្ថែម ធានាថា នឹងក្លាយជាអាជីវករ លក់ដុំ លក់រាយ ជី-ថ្នាំកសិកម្ម ប្រកបដោយវិជ្ជាជីវៈ និងក៏ជាអ្នកប្រឹក្សាយោបល់ដ៏ល្អដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាកសិករ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវតាមសណ្ឋានដី ដែលមិនបង្កឱ្យមានផលប៉ះពាល់ផ្សេងៗ ដល់គ្រួសារខ្លួនឯង និងសុខភាពសាធារណៈ ។

ក្នុងឱកាសនោះ ផងដែរ ឯកឧត្តម ឡោ រស្មី បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត ដែលបានសហការ ក្នុងការគ្រប់គ្រងដល់អាជីវករ កសិកម្ម និងទប់ស្កាត់ការចរាចរណ៍ ជី-ថ្នាំកសិកម្មខុសច្បាប់ នៅតាមព្រំដែន តាមគោលការណ៍ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”  ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាពផលិតផលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់វិស័យកសិកម្មក្នុងការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប តាមសង្គមឌីជីថល ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាពិសេស ការរៀបចំគោលនយោបាយផលិតជីសរីរាង្គ ឱ្យផលិតជីសរីរាង្គក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។

ឯកឧត្តម ឡោ រស្មី បានសំណូមពរដល់មន្រ្តីកសិកម្មឃុំ ក្រុមហ៊ុន និងអាជីវករ និងអាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវបន្តជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាពិសេស សូមចូលរួមជាមួយ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងជៀសវាងផ្សព្វផ្សាយព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល៕