ក្រសួងពាណិជ្ជកម្មជំរុញការផលិតនិងបើកទីផ្សារសម្រាប់ស្វាយចន្ទីកម្ពុជា

0

នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា”

ពិធីនេះមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្តសៀមរាប តំណាងសភាពាណិជ្ជកម្ម ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ជាច្រើនរូប។

សិក្ខាសាលានេះ ជាព្រឹត្តិការណ៍អម នៃពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងកេរ្ត៍ឈ្មោះស្វាយចន្ទីកម្ពុជាដែលកំពុងល្បីល្បាញ ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារស្វាយចន្ទីដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។

បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងអនុសាសន៍នានា សំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមអាចទទួលបាននូវព័ត៌មានល្អៗដើម្បីអភិវឌ្ឍន៍ខ្លួន និងសិក្សាពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុននាំចេញ ផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋខាធិការ បានរំលេចថា៖ សិក្ខាសាលានេះ នឹងក្លាយជាវេទិកាបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួតរវាងវិស័យរដ្ឋ និងឯកជន រួមផ្សំជាមួយកិច្ចសម្រួលពាណិជ្ជកម្ម វេទិកាផ្គូរផ្គង និងការផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នានា នឹងជំរុញឱ្យវិស័យស្វាយចន្ទីកម្ពុជា កាន់តែមានកេរ្តិ៍ឈ្មោះ និងសក្តានុពលខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កត្តាទាំងនេះ នឹងចូលរួមជាកម្លាំងចលករ យ៉ាងសំខាន់ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយប្រទេសកម្ពុជាទៅជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទីធំមួយដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តបានរបស់ពិភពលោកនៅពេលអនាគត៕