ត្រឹមរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន៧៦៩សេវា ដោយទទួលបានចំណូលសរុប២៣.៦៦៣.០០០ រៀល ស្មើនឹង៦០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ពីលោក រាជ សុវណ្ណ អភិបាលស្ដីទី នៃគណៈអភិបាកក្រុងកោះរ៉ុង។
បើតាម លោក រាជ សុវណ្ណ សេវាដែលរដ្ឋបាលក្រុងកោះរ៉ុង ផ្តល់បានច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៦៣៥សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន៤៣៣សេវា ទទួលបានចំណូល ៣៤១.០០០រៀល បន្ទាប់មកវិស័យទេសចរណ៍មានចំនួន៦៧សេវា ទទួលបានចំណូល១៤.៨១០.០០០រៀល វិស័យវប្បធម៌ ចំនួន ៣៧សេវា ទទួលបានចំណូល ២.២៥០.០០០រៀល វិស័យសំណង់ ចំនួន១៥សេវា ទទួលបានចំណូល ៥.២៨០.០០០រៀល។
ចំណែកឯវិស័យដែលមានពលរដ្ឋមកស្នើសុំតិច បើតាមលោកអភិបាលក្រុងស្ដីទី គឺសេវាក្នុងវិស័យសុខាភិបាលចំនួន៣សេវា ដោយទទួលបានចំណូល៧៤០.០០០រៀល វិស័យសាធារណការ ចំនួន៥សេវា ទទួលចំណូល១៦៧.០០០រៀល និងឧស្សាហកម្មចំនួន១សេវា ទទួលបានចំណូល៧៥០.០០០រៀល ខណៈវិស័យផ្សេងៗទៀតដែលពុំមានអ្នកមកស្នើសុំសេវា គឺវិស័យអប់រំ វិស័យសុរីយោដី វិស័យពាណិជ្ជកម្ម និងវិស័យរ៉ែនិងថាមពលជាដើម។
លោក រាជ សុវណ្ណ បានបន្ថែមក្នុងន័យដើមថា «ជាទូទៅរាល់ការផ្តល់សេវាជូនប្រជាពលរដ្ឋមិនថារូបខ្ញុំផ្ទាល់ និងមន្រ្តីពាក់ព័ន្ធដទៃទៀត តែងតែខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បើទោះបីជាខ្វះមន្រ្តីជួរក្រោយក្ដី តែទោះជាយ៉ាងមន្ត្រីយើងបានប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនជានិច្ច គឺបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅបំផុត»។ លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ និងអាជីករមួយចំនួនដែលមិនទាន់បានស្នើសុំ លិខិត ឬអាជ្ញាប័ណ្ណអនុញ្ញាតមុនដំណើរការអាជីវកម្ម និងបន្តសុពលភាពចំពោះលិខិត ឬអាជ្ញាប័ណ្ណអនុញ្ញាតដំណើរការអាជីវកម្ម សូមចូលរួមមកអនុវត្តឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ០២ អនក្រ.បក ស្តីពី «ការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ» កោះរ៉ុងត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ក្នុងនោះមានប្រជាជនរស់នៅប្រមាណជិត ១ពាន់គ្រួសារ មានសង្កាត់ ចំនួន២ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម៕