នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ហឿន វីរៈ ពីអភិបាលរងក្រុងប៉ោយប៉ែត មកជាអភិបាលស្រុកព្រះនេត្រព្រះ ជំនួសលោក ឃូ ពៅ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលស្រុក ជាអភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបំពេញបន្ថែមនូវរចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិក៏ដូចជារដ្ឋបាលស្រុកព្រះនេត្រព្រះ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម-លោក ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ អភិបាលរង មន្ត្រីរាជការនៃរដ្ឋបាលស្រុក អាជ្ញាធរ ភូមិ ឃុំ បានចូលរួមប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកព្រះនេត្រព្រះ។
នាឱកាសនោះលោក ហឿន វីរៈ បានគោរពថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំជា ពិសេសសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោកជាអភិបាលស្រុកដើម្បីបម្រើប្រជាពលរដ្ឋ និង អភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានស្រុក។
ក្នុងតំណែងជាអភិបាលស្រុក លោកហឿន វីរៈ បានប្ដេជ្ញានឹងខិតខំបំពេញភារកិច្ចឲ្យបានល្អ ដោយគោរពនិងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន និងសុខសន្តិភាព អនុវត្តតាមផែនការយុទ្ធសាស្ត្របញ្ចាកោដំណាក់កាលទី 1របស់រដ្ឋាភិបាល តាមការណែនាំនិងចង្អុរបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ជំរុញអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ពង្រីងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ឋភាព និង តម្លាភាព និងពង្រឹងសាមគ្គីភាពភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់អភិាលស្រុកថ្មី ដើម្បីការដឹកនាំមានប្រសិទ្ឋភាព និងជោគជ័យ ត្រូវតែខិតខំសិក្សាស្វែងយល់បន្ថែមរាល់លិខិតបទដ្ឋានគតិយុទ្ធនានា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់ ជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិឃុំដែលមានទូរទាំងស្រុក។ ឯកឧត្តម បានណែនាំឱ្យយកចិត្តទុកដាក់ចំពោះការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋឱ្យបានលឿនរហ័ស តាមទិសស្លោក ស្នាមញញឹមបន្ទាយមានជ័យ។
ឯកឧត្ដម ក៏បានបញ្ជាក់អំពីការតែងតាំងមន្ត្រី គឺជាដំណើរការជាប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និង ប្រសិទ្ធផល នៃការគ្រប់គ្រងបុគ្គលិក។ ឯកឧត្ដម អភិបាល ខេត្តបន្តថា ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើក កម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចការនេះរដ្ឋបាលខេត្ត តែងតែបាន យកចិត្តទុកដាក់អនុវត្តដោយសុក្រឹត្យ អនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ដែលត្រូវបំពេញ ទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧបនិស្ស័យរបស់បុគ្គលដែលត្រូវតែងតាំងនោះ ដូចមានក្នុងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌនីមួយៗ ជាបុគ្គលដែលប្រកបដោយគុណវុឌ្ឍ មានសមត្ថភាពដឹកនាំ គ្រប់គ្រង មានគំនិតផ្តួចផ្តើម ក្នុងការអនុវត្តការងារមានសាមគ្គីល្អ មានគុណធម៌ មានសុខភាពល្អ និងមនសិកាវិជ្ជាជីវៈ ក្នុងនោះ ស្ត្រីត្រូវបានលើកទឹកចិត្តនិងផ្តល់ អាទិភាពក្នុងការតែងតាំងក្នុងមុខតំណែងណាមួយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយេនឌ័រ និងការផ្តល់ អំណាចដល់ស្ត្រីនៅកម្ពុជា៕