តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីរាជការ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះសិក្សាស្វែងយល់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្សនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថាជំនាញបច្ចេកទេសគឺជាជំនាញមួយដែលមានរយៈពេលខ្លីក្នុងការសិក្សា និងទទួលបានឱកាសការងារខ្ពស់ ស្របតាមទីផ្សារបច្ចុប្បន្នត្រូវការ។ដូច្នេះយុវជន សិស្សនិស្សិតទាំងអស់ត្រូវចាប់យកជំនាញបច្ចេកទេសនេះ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញទាំងនេះ ទៅប្រកបរបរ ចិញ្ជឹមគ្រួសារកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការសិក្សាជំនាញបច្ចេកទេសនេះ ដោយផ្ដល់ឱកាសដល់យុវជនមកគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់ បានសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនក្នុង១ខែ អំឡុងពេលវគ្គបណ្ដុះបណ្ដាលទៀតផង ដើម្បីជួយយុវជន ប្រជាពលរដ្ឋ មានជំនាញមួយពិតប្រាកដ អាចធ្វើការតាមក្រុមហ៊ុន និងសហគ្រាសធំៗ រឺក៏បើកអាជីវកម្មផ្ទាល់ខ្លួនបាន សម្រាប់ជួយជីវភាពគ្រួសារបានល្អប្រសើរទៅថ្ងៃអនាគត៕