សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ ត្រូវចេះទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ហើយធ្វើការកែលម្អ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCICជ្រោយចង្វារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញល្បឿនការងារឱ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរ គ្រប់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ទៅលើការទទួលយកនូវមតិយោបល់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចររាប់តាំងពីច្រកទ្វារអន្តរជាតិ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេលភ្ញៀវទេសចរ ចូលមកដល់ដំបូង ។
ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ថា “កិច្ចការងារនេះ ក៏ខ្ញុំសូមឆ្លៀតឱកាស ក៏អរគុណទៅដល់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជារដ្ឋបាលអាជ្ញាធរខេត្តពាក់ព័ន្ធសមត្ថកិច្ចយើងទាំងអស់ដែលបានរួមគ្នា បញ្ហានៅមានយើងបន្តដោះ ក្តាប់សភាពការណ៍ ហើយយើងបន្តដោះបន្តទៅទៀត កិច្ចការងារមិនងាយស្រួលទេ ប៉ុន្តែនៅពេលយើងមានឆន្ទៈរួមគ្នា យើងអាច ។ កិច្ចការងារខ្លះដោយសារមនុស្ស កិច្ចការងារខ្លះដោយសារប្រព័ន្ធការងារ”៕