វិស័យទេសចរណ៍ នៅតែជាជាវិស័យអាទិភាព សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែចាត់ទុកវិស័យទេសចរណ៍ថាជាវិស័យអាទិភាព ដែលវាបាន និងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាមួយនឹងការបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អបានក្លាយជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញនៅតំបន់អាស៊ី ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជាធ្លាប់បានឆ្លងកាត់នៃការអភិវឌ្ឍវែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់ និងឈានចាប់យកកាលានុវត្តភាពថ្មីទៀតប្រកបដោយចីរភាព និងការទទួលខុសត្រូវ ក្នុងនោះ បើទោះបីក្នុងស្ថានភាពដែលភូមិសាស្ត្រនយោបាយសកលមានភាពស្មុគស្មាញ តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហាចំពោះមុខជាប្រចាំ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងទិសដៅនេះសម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿននៃការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ដែលក្នុងនោះគឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ព្រោះបើ គ្មានសុខសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍ ហើយក៏គ្មានផងដែរនូវអ្វីដែលហៅថាទេសចរណ៍។ ក្នុងន័យនេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវពាក្យស្លោកថ្មី «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព» បន្ថែមលើពាក្យស្លោកដែលរាជរដ្ឋាភិបាលចាស់បានដាក់ចេញគឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលថាប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងសូមអំពាវនាវឱ្យមានការចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យមានភាពសកម្ម និងផុសផុលនៅគ្រប់រូបភាព ដែលនេះគឺជាកិច្ចការសំខាន់ និងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាល និងគ្រប់វិស័យទាំងអស់ ដែលបានធ្វើការផ្សព្វផ្សាយនូវចំណុចល្អៗទាក់ទងទៅនឹងវិស័យទេសចរណ៍នៅកម្ពុជា៕