នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីជូនដំណើរកងអនុសេនាធំវិស្វកម្មពហុជំនាញមួកខៀវកម្ពុជាចំនួន១៨៤នាក់ ក្នុងនោះកម្លាំងនារីចំនួន៣៥នាក់ ជាកងលើកទី១៥ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ ត្រូវបានបញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល១ឆ្នាំ ដែលបានធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយជោគជ័យ ។
ក្នុងពិធីនោះ ឯកឧត្តមអគ្គនាយកស្តីទីបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម សែម រតនា សូមឱ្យកម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។ សម្រាប់ទ័ពដែលចូលរួមនៅក្នុងតំបន់បំពេញបេសកកម្ម ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមបទបញ្ជា ការណែនាំរបស់មេបញ្ជាការកងកម្លាំងអង្គការសហប្រជាជាតិ ប្រចាំតំបន់ដែលត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុត ដើម្បីរក្សាសុខសុវត្ថិភាព៕