ឆ្នាំ២០២៤ មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម​ផ្នែកកម្មន្តសាល​ជិត ១ ៣០០មូលដ្ឋានបានចុះបញ្ជី

0

សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល ចំនួន ១ ២៩២​មូលដ្ឋានបានចុះបញ្ជីក្នុងឆ្នាំ២០២៤ កន្លងទៅ នេះ។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បង្ហាញ​ក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុង​ឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចុះបញ្ជីថ្នាក់កណ្តាល​បានចំនួន ១៧មូល​ដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​បានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន​៨៣១​មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន​១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រ​ដំណើរការចំនួន ១.០ ៥ ២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន១.៣៣៨មូលដ្ឋាន ដែលបង្កើតបានការ​ងារ​​ថ្មីចំនួន២៥.៨៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបិទចំនួន ១ ៩​៥​០​មូលដ្ឋាន​ផងដែរ ដែលការណ៍នេះបានធ្វើឱ្យពលកម្មថយចុះចំនួន ១៣ ៥៧៦នាក់។

ប្រភពដដែលបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមាន​ចំនួន​៤៣.៩៧០​មូលដ្ឋាន (សហគ្រិនស្ត្រី៨.៣២៥មូលដ្ឋាន) និងពលកម្មចំនួន៤៧​៦.​២២៣នាក់​(ស្ត្រីជាង១៤ម៉ឺននាក់)។

ក្នុងសន្និបាតឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ក្រសួង​បាន និងកំពុង​យកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការ​ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជាក្នុង​ដំណើរចាក​ចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅ​ឆ្នាំ២០២៩ដោយជោគជ័យ។

ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុង​យកចិត្តទុកដាក់អភិវឌ្ឍឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀម​រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញ​ការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញ និងលើក​កម្ពស់​ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និងកាត់បន្ថយហានិភ័យដែលអាចកើត​ឡើងជាយថាហេតុ​ដោយបច្ចេកវិទ្យា៕