សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ វិស័យអប់រំ គឺត្រូវឈរលើបរិមាណ និងគុណភាព

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ លើកទិសដៅ​សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា វិស័យអប់រំ គឺត្រូវឈរលើបរិមាណ និងគុណភាព ជាពិសេសសំដៅលើការពង្រឹងគុណភាព ដែលត្រូវ​បន្ត​ធ្វើ ​និងត្រូវឈរលើការពង្រឹងការអប់រំថ្នាក់មូលដ្ឋានជាគោលតាមរយៈ៖ ១/ ការពង្រឹង​អភិបាលកិច្ច ការគ្រប់គ្រង និងការដឹកនាំមនុស្ស, ២/ កម្មវិធីសិក្សា និងម៉ោងបន្ថែម និង៣/ ការចូលរួម​របស់​សហគមន៍ និងអាណាព្យាបាល។

តាមរយៈអនុសាសន៍អាទិភាពខាងលើ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិស​អំពី​ការជ្រើសរើសនាយកសាលា គឺត្រូវប្រគល់សិទ្ធិជូនមន្ទីរអប់រំ យុវជន និងកីឡា ដែលជាអ្នកទទួលជ្រើស​រើស ដោយរក្សានូវនិយាម និងស្តង់ដាគុណវឌ្ឍិច្បាស់លាស់បំផុត ដើម្បីធានាដល់គុណភាព និង​ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងគ្រឹះស្ថានសិក្សាចាប់ពីមូលដ្ឋានឡើងទៅ ដែលជាគ្រឹះដ៏​សំខាន់ និយាយរួម​ គឺចាប់ពីសាលាបឋមសិក្សាតែម្តង។ ជាមួយគ្នានេះ លោកគ្រូអ្នកគ្រូ គឺត្រូវធានាមានទាំងបរិមាណ និងគុណភាពក្នុងការអប់រំ ដោយឈរលើគុណវឌ្ឍិជាអាទិភាពខ្ពស់បំផុត។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់ឱ្យមានការកែសម្រួលរយ:ពេលក្នុងការធ្វើកិច្ចសន្យា​គ្រូកិច្ចសន្យាថ្នាក់បឋម ដោយកែសម្រួលពីមួយឆ្នាំម្តង មកពីរឆ្នាំម្តង។ បន្ថែមពីនេះ សម្រាប់លោកគ្រូអ្នក​គ្រូបឋមសិក្សាកិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ អាចនឹងរៀបចំ​បញ្ចូលទៅបណ្តុះបណ្តាលវគ្គជំនាញគរុកោសល្យ ឬបច្ចេកទេស ១៨ខែ ដើម្បីអាចពិនិត្យរៀបចំ​បញ្ចូលក្របខណ្ឌពេញសិទ្ធិជូនតែម្តង។ មួយវិញទៀត ចំពោះលោកគ្រូអ្នកគ្រូចូលនិវត្តន៍ អាច​ពិនិត្យ​បន្តកិច្ចសន្យាដើម្បីបន្តការបង្រៀន តែ​ត្រូវបំពេញកន្លែងដែលខ្វះ ដោយឈរលើកម្លាំងនៃ​សុខ​ភាព និងឆន្ទៈនៃការចូលរួមរបស់លោកគ្រូអ្នកគ្រូផ្ទាល់។ បន្ថែមពីនេះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សា ដោយបន្ថែមម៉ោងរបស់គ្រឹះស្ថានសិក្សា ជាពិសេសថ្នាក់បឋមសិក្សា គឺផ្តោតលើគណិតវិទ្យា, សីលធម៌ និង អក្សរសាស្ត្រ ដែលគប្បីត្រូវរៀបចំ និងជំរុញបន្ថែម ដើម្បីជាឱកាសសម្រាប់សិស្សអាចមានពេលវេលាសិក្សាបានកាន់តែច្រើនជាងមុន និងទទួលបានបំណិនជីវិតកាន់តែល្អប្រសើរ។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីអាទិភាពចំនួន ៥​របស់​រាជរដ្ឋាភិបាល សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួម​មាន​៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើក​កម្ពស់​សុខភាព និងសុខុមាល​ភាព​ប្រជាជន, ទី៤​. ​ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការ​ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។