សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈមានសារជាតិផ្អែម ដោយសារតែបើគេទៅមើលពេទ្យ គន្ធបុប្ផា មានក្មេងៗច្រើនណាស់ ដែលកើតជំងឺរោគទឹកនោមផ្អែម។
គួរបញ្ជាក់ថា ការថ្លែងបែបនេះពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ដោយថ្លែងក្នុងពិធីនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សុំឱ្យពិនិត្យឱ្យបានហ្មត់ចត់ពីការលក់ ភេសជ្ជៈផ្អែម តាមសាលារៀន ស្របពេលដែលកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ដែរថា ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹក ដែលកុមារកម្ពុជា ប្រើប្រាស់ច្រើន ទាំងក្នុង និងក្រៅសាលារៀន។ប្រការនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង ។បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ។
សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយធ្វើការរំលឹកដែរថា “ថ្ងៃមុនខ្ញុំ បានជួបគ្រូពេទ្យម្នាក់នៅសិង្ហបុរី ដោយគ្រូពេទ្យ បានប្រាប់ថា សូមសង្កេតមើលប្រទេសកំពុងអភិវឌ្ឍន៍ថ្មីៗ គឺមនុស្សអាយុ ៣០ ទៅ ៤០ឆ្នាំ មានទឹកនោមផ្អែមច្រើនណាស់ ហើយយើងគិតថា ដោយសារមនុស្សអាយុប៉ុណ្ណឹង បានចេះផឹក បានមានជំងឺទឹកនោមផ្អែម។ ការពិតមិនមែននោះទេ គឺតាំងពីក្មេង ដោយជួនកាល ពេលនៅក្មេង ឪពុក ម្ដាយ ចង់ឱ្យកូនផឹកទឹកដោះគោ ដើម្បីលូតឆ្អឹង ប៉ុន្តែកូនមិនព្រមផឹកទឹកដោះគោសាប អញ្ចឹងត្រូវទិញទឹកដោះគោមានជាតិស្ករឱ្យក្មេងៗផឹក ដើម្បីលួង ដែលទាំងនេះហើយជាបញ្ហានៅពេលក្រោយ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា “អញ្ចឹងយើងចង់បានមួយជ្រុង ឱ្យក្មេងលូតឆ្អឹង ហើយវាដូចជាយើងដាក់ជាតិស្ករ ទៅក្នុងខ្លួនក្មេង។ កូនខ្ញុំក៏ចូលចិត្តណាស់ជាតិផ្អែមហ្នឹង! តាំងពីក្មេង ហើយយើងប្រាប់ មិនស្ដាប់នោះទេ ទាល់តែពេទ្យប្រាប់ ទើបស្ដាប់។
ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមគ្នាចេញជាការផ្សព្វផ្សាយសារអប់រំ ពាក់ព័ន្ធនឹងបញ្ហាសុខភាពឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះតែម្តង៕