សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិបាលខេត្ត ផ្តល់សិទ្ធិទៅមន្ទីរជំនាញ ក្នុងការជ្រើសរើសនាយកបឋមសិក្សា

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកបឋមសិក្សា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំជាអ្នកជ្រើសរើស ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើស នាយកសាលាជាអ្នកគ្រប់គ្រងអង្គភាពអប់រំមួយ សំខាន់ណាស់ ក្នុងនោះការជ្រើសរើសគ្រូបង្រៀន ក៏សំខាន់ផងដែរ ដែលត្រូវយកចិត្តទុកដាក់ ។

ហេតុដូចនេះ សម្តេចធិបតី បានឱ្យអភិបាលខេត្តទាំងអស់ កុំចង់គ្រប់គ្រង់លើកិច្ចការងារ ជ្រើសរើសនាយកសាលា ត្រូវប្រគល់ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា ជាអ្នកចាត់ចែង ។

សម្តេចធិបតី មានប្រសាសន៍ថា “ត្រូវរើសគ្រូឱ្យច្បាស់ ហើយសុំឱ្យអភិបាលខេត្ត ដូចមកទាំងអស់គ្នា សុំប្រគល់សិទ្ធិនេះ ឱ្យមន្ទីរដើម្បីអនុវត្តតាមនិយាម សហការក្នុងការរើសគ្រូ កំណត់ទៅតាមនេះ ការិយាល័យស្រុក ជាសេនាធិការធ្វើការចុះ ប៉ុន្តែសុំកុំឱ្យអភិបាលស្រុក ទៅជាអ្នករើសគ្រូ ឬមួយរើសនាយកសាលា ខ្ញុំសុំឱ្យហ្នឹង ដើម្បីគ្រប់គ្រង” ។

ការណ៍ដែលសម្តេចសុំកុំឱ្យអភិបាលខេត្ត ដែលមានអភិបាលស្រុកជាសេនាធិកា កុំចង់គ្រប់គ្រង់លើធ្វើកិច្ចការងារជ្រើសរើសនាយកសាលា រាប់ចាប់ពីបឋមសិក្សា ដោយសារសម្តេចធិបតី កត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន ជំនាញខាងច្បាំងជាដើម ដូច្នេះការជ្រើសរើសនេះ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍិ ខណៈសម្តេចបញ្ជាក់ថា កិច្ចការនេះ ត្រូវយកចិត្តទុកដាក់ពីថ្នាក់ក្រោមទៅ កុំចាំទៅដល់លើ ប្រៀបបានជាអគារមួយ ត្រូវការគ្រឹះរឹងមាំពីក្រោមឡើងទៅ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចឹងត្រូវរើស ថ្នាក់បឋម ថាមតេយ្យចុះមិនអីទេ តែបឋមនេះ ត្រូវតែរើសឱ្យបានត្រូវតែម្តង ឱ្យរឹងមាំ ទាំងនាយក ទាំងគ្រូ ត្រូវតែធ្វើយ៉ាងមិច ឱ្យមានគុណវុឌ្ឍិ នេះ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវប្រគល់សិទ្ធិ និងអនុវត្ត សហការជាមួយនឹងជំនាញ ព្រោះជួនកាលអភិបាលស្រុកគាត់មែនជំនាញទេ អភិបាលស្រុកខ្លះ គាត់អតីតទាហាន ” ៕