ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បានពង្រឹងការផ្តល់អាជ្ញាបណ្ណ និងកំពុងសិក្សាយន្តការថ្មីលើវិស័យទឹកស្អាត ដើម្បីធានាការបំពេញបាននូវលក្ខខណ្ឌទាំងបួននៃការផ្តល់សេវា (គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ)។
នៅក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បានថ្លែងថា ក្នុងវិស័យទឹកស្អាត ក្រសួងបានដឹកនាំឱ្យប្រតិបត្តិករផ្តល់សេវា, ពង្រឹងនិងពង្រីកសេវារបស់ខ្លួន ដោយពង្រីកបណ្តាញបំពង់ចែកចាយបាន ៦.០៧២ គ.ម. (កើន ២០%)ហើយផ្លាស់ប្តូរវិធីសាស្ត្រនៃការពង្រីកការតភ្ជាប់បណ្តាញ ពីការតម្រូវឱ្យបង់ថ្លៃសេវាភ្ជាប់ មកជាការបង់បណ្តាក់ឬវិធីសាស្ត្រស្រង់ថ្លៃដើមផ្សេងៗ ដែលបានជួយសម្រួលនិងសម្រេចបានកំណើនតភ្ជាប់ថ្មីចំនួន ១៣៣.១០៣ តំណ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ក្រសួងក៏បានបញ្ជូនសញ្ញាច្បាស់លាស់ និងផ្តល់ពេលវេលា ក៏ដូចជាការគាំទ្រជាក់លាក់ ដើម្បីឱ្យប្រតិបត្តិករទាំងរដ្ឋនិងឯកជនពង្រឹងសមត្ថភាព សំដៅអនុលោមឱ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាពិសេសការបំពេញបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ។
ដើម្បីសម្រេចបាននូវគោលដៅទឹកស្អាតឆ្នាំ ២០៣០ ក្រសួង ឧ.វ.ប.ន បានផ្តោតលើការពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការគ្រប់គ្រងវិស័យនេះ និងប្រមែប្រមូលធនធានបន្ថែមគ្រប់ទម្រង់នៃការវិនិយោគទាំងសាធារណៈ និងឯកជន ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំជីវភាពប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចនៅគ្រប់មូលដ្ឋាន។
តាមឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំឱ្យមានការធានាឱ្យបាននូវនិរន្តរភាពប្រភពទឹកសម្រាប់ការផលិតទឹកស្អាត តាមរយៈការវិនិយោគបន្ថែម ការស្នើសុំគ្រប់គ្រង ស្តារ និងពង្រីកប្រភពទឹកសក្តានុពល ក៏ដូចជាការប្រទាក់ក្រឡាគ្នាជាមួយគម្រោងធារាសាស្ត្រនានា និងការជំរុញម៉ូដែលថ្មីនៃការផ្គត់ផ្គង់ដុំទឹកស្អាត ដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃរបស់ប្រតិបត្តិករឯកជនតូចតាច (បច្ចុប្បន្នកម្ពុជាមាន ៤៤០)៕