អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបាននឹងកំពុងមមាញឹកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើម្បីចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥ តាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងដែនដី ធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិព្រៃត្នោត ឃុំកំពង់ក្រែង និងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ។ មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី និងបានជំរុញការចុះបញ្ជីដីធ្លីនិងចេញបណ្ណកម្មសិទ្ធិតាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បបជាដើម។ ដោយឡែកថ្ងៃនេះ អាជ្ញាធរខេត្ត រួមនិងមន្ទីរជំនាញបានរៀបចំធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីស្ថិតក្នុង ភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១ ០១៥ក្បាលដីស្មើនឹង ៦៤៩គ្រួសារ និងប្រកាស់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលនេះបានបង្ហាញឱ្យឃើញពីការគិតគូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមកទទួលយកបណ្ណកម្មសិទ្ធិបានលើកឡើងថា បណ្ណកម្មសិទ្ធី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ) ពិតជាមានតម្លៃណាស់សម្រាប់ពួកគាត់ ដែលអាចឱ្យពួកគាត់យកទៅប្រើប្រាស់ធ្វើជាដើមទុនក្នុងការរកស៊ីទទួលទាន និងបង្កើតមុខរបរបន្ថែម ហើយមិនតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះក៏បានធ្វើឱ្យជម្លោះដីធ្លីត្រូវបានកាត់បន្ថយផងដែរ។ ពលរដ្ឋបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជំរុញឱ្យមានការចេញបណ្ណកម្មសិទ្ធិជូនពួកគាត់បានលឿន និងឆាប់រហ័ស។
ក្នុងឱកាសនោះដែរ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ លោកប្រធានមន្ទីរបានបន្តថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះ ភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ៦៤៦ក្បាលដី ស្មើនឹង ៤៣៣គ្រួសារ និងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ មានក្បាលដី សរុបចំនួន ៣៦៩ក្បាលដី ស្មើនឹង ២១៦គ្រួសារ ដែលសរុបទាំងពីរភូមិនេះមានក្បាលដីចំនួន ១ ០១៥ក្បាលដី ស្មើនឹង ៦៤៥គ្រួសារ៕