តាមការព្យាករឆ្នាំ២០២៥នេះ វិស័យ ឧស្សាហកម្ម វិទ្យាសាស្ដ្របច្ចេកវិទ្យា និងនវានុវត្តន៍ ​នឹងរួមចំណែកប្រមាណ ៨,៦% ដល់ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ

0

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បានលើកឡើងថា វិស័យ ឧ.វ.ប.ន កំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយនិរន្តរភាព មានលក្ខណៈចម្រុះសម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនក្នុងរង្វង់ ៦% នៃផ.ស.ស. ក្នុងឆ្នាំ២០២៤ និងរង្វង់៦,៣% នៃផ.ស.ស.  ក្នុងឆ្នាំ២០២៥ ដូចបានគ្រោងទុកក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកដល់កំណើននេះ ប្រមាណ៨,៥% នៅក្នុងឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។

ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម ថ្នាក់ដឹកនាំក្រសួងខាងលើ បានបន្ថែមថា ក្រសួង ឧ.វ.ប.ន. បាន និងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញនិងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រងនិងកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា។

ជាមួយគ្នានោះ ក្រសួង បានកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួល ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជា ក្នុងដំណើរចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ដោយជោគជ័យ៕