រដ្ឋមន្រ្តីឧស្សាហកម្ម៖ ឆ្នាំ២០២៤ វិស័យឧស្សាកម្ម រួមចំណែក​ដល់កំណើន​សេដ្ឋកិច្ចប្រមាណ ៨,៥ភាគរយ

0

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសរំលេចថា ក្នុងឆ្នាំ២០២៤​កន្លងទៅវិស័យឧស្សាកម្ម​នៅកម្ពុជាបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រមាណ ៨,៥ភាគរយ​និងព្យាករថា​មានកំណើន​ប្រមាណ ៨,៦ភាគរយនៅក្នុងឆ្នាំ២០២៥។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ​ការងារឆាំ្ន២០២៥ របស់ក្រសួងនៅ​ព្រឹកថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះនា​សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា លទ្ធផលនេះ​បានបង្ហាញអំពីការខិតខំចំទិសដៅរបស់ក្រសួង ដោយអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមចំណែកធានាចីរភាព​នៃកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពល ព្រមទាំងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមា។ ជាពិសេសការបង្កើនតម្លៃបន្ថែម​សេដ្ឋកិច្ចលើវិស័យឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលជា​ចំណែកមួយនៃការទ្រទ្រង់​សមត្ថភាព​ប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងពិធីបើកសន្និបាតដដែល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បានបង្ហាញចំណុចខ្លាំងរបស់កម្ពុជា ក្នុងនោះវិស័យ​ឧស្សាហកម្ម​នៅកម្ពុជាផងដែរ គឺការដឹកនាំ និងចង្អុលទិស។ឯកឧត្តម​ប្រាប់​ដល់សមាជិក សមាជិកាអង្គ​សន្និបាតថា ក្រោមការដឹកនាំរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា​នៅតែអាចរក្សា​បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបានអត្រាមាន​ការងារធ្វើខ្ពស់ ទាក់ទាញ​ការ វិនិយោគ និងបង្កើត​រោងចក្រ និងសហគ្រាសជា​បន្តបន្ទាប់ ក្នុងគោលដៅ​ធានាបានកំណើននៃការនាំចេញ ជាពិសេសការដាក់ចេញវិធានការ​ដ៏មុតស្រួច​ជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាស​ធុនតូច​និងមធ្យម ដែលជាឆ្អឹងខ្នង​នៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីរក្សាបានដំណើរការ​ផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការងារ​ធ្វើជូនប្រជា​កសិករ និងកម្មករ-កម្មការិនី។

សូមជម្រាបថា ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវការវាយតម្លៃចុង​ក្រោយសេដ្ឋកិច្ចកម្ពុជាដោយអ្នកជំនាញថា កម្ពុជា​បន្តសម្រេចបានកំណើន​ក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ និងរង្វង់៦,៣ភាគរយក្នុងឆ្នាំ២០២៥។ទន្ទឹមនេះតាមការព្យាកររបស់អ្នកជំនាញសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៤កន្លងទៅមានកំណើនក្នុងរង្វង់ ៣,២% នៃ​ផលិតផល​ក្នុងស្រុកសរុប(ផ.ស.ស./GDP) សហរដ្ឋអាមេរិក ២,៨ភាគរយ, ចិន ៤,៨ភាគរយ, តំបន់ចាយប្រាក់អឺរ៉ូ ០,៨ភាគរយ និងតំបន់អាស៊ាន ៤,៥ភាគរយ។

ដោយឡែកសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងងើប​ឡើងវិញបន្តិច ប៉ុន្តែក្នុងល្បឿនយឺត ក្នុងរង្វង់ ៣,៣ភាគរយនៃ ផ.ស.ស. គាំទ្រដោយការរក្សាបាននូវចលនាការកំណើនរបស់ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាលទ្ធផលនៃការបន្ធូរបន្ថយគោលនយោ​បាយការរឹតបន្តឹងរូបិយវត្ថុ, ការបន្តគាំទ្រដល់ការប្រើប្រាស់ ការវិនិយោគ​និង​ការនាំចេញ ក្នុងនោះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងមានកំណើន ២,៧​ភាគរយ​នៃផ.ស.ស., ចិន ៤,៦ភាគរយ, តំបន់ចាយ​ប្រាក់អឺរ៉ូ ១ភាគរយ និងតំបន់ អាស៊ាន ៤,៦ភាគរយ៕