រាជរដ្ឋាភិបាល ឈានឆ្ពោះទៅសម្រេចនូវលទ្ធភាពទទួលបានទឹកស្អាត ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅឆ្នាំ២០៣០

0

នៅក្នុងពេលដែលនៅសល់តែ៥ឆ្នាំទៀតដើម្បីសំរេចបានគោលដៅនេះ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតីហ៊ុនម៉ាណែត បានសម្រេចផ្តល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកដើម្បីប្រើប្រាស់ ក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើការ វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្តាញទឹក ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ៖ រដ្ឋករទឹកខេត្តកំពត រដ្ឋករទឹកខេត្តស្វាយរៀង រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ៤ រដ្ឋករទឹកខេត្តមណ្ឌលគីរី និងរដ្ឋករទឹកខេត្តពោធិ៍សាត់។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់ បណ្តាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានគិតគូរដល់ ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅ គ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើ ប្រាស់ទូទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាព នៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ។ ការងារនេះអនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែល បានផ្តល់អាទិភាពទៅលើវិស័យ ‘ទឹកស្អាត’ រួមជាមួយមនុស្ស ផ្លូវថ្នល់ អគ្គិសនី និងបច្ចេកវិទ្យា។

ហេតុដូចនេះហើយរាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។ ជាលទ្ធផល បានបង្កើតបណ្តាញទឹកស្អាតគ្របដណ្តប់តំបន់ផ្សេងៗក្នុងរាជធានី និងខេត្តទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកំណើនប្រជាជន តម្រូវការទឹកស្អាតនៅតែបន្តកើនឡើង ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលទើបនឹងអភិវឌ្ឍថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។

យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើការវិនិយោគជាបន្តបន្ទាប់ក្នុងការពង្រីកសមត្ថភាពផលិតទឹកស្អាត។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត បានសរុបចំនួន ប្រមាណ ៥៣០ លានម៉ែត្រគូប មានកំណើនប្រមាណ ៦៨ លាន ម៉ែត្រគូប ស្មើនឹង ១៤,៩ភាគរយ ធៀបនឹង ឆ្នាំ២០២៣។

ចំណែកឯការតបំពង់មេ និងបណ្តាញចែកចាយសរុបមានប្រវែង ៣៦ ៤២៣ គ.ម បើប្រៀបធៀបទៅឆ្នាំ២០២៣ ដែលមានប្រវែង សរុប ៣០ ៣៥១ គ.ម មានការកើនឡើង ៦ ០៧២ គ.ម ដែល ស្មើនឹង ២០ភាគរយ។រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បាន ភ្ជាប់តំណជូនអតិថិជន សរុបចំនួន ១ ៤៤០ ៩១៣ តំណ ដែល មានកំណើនឡើង ១៣៣ ១០៣ តំណ ស្មើនឹង ១០,២ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានោះ ភូមិចំនួន៧ ៤២៤ ភូមិ ក្នុងចំណោមភូមិសរុបដែល មានក្នុងតំបន់សេវាកម្មចំនួន ១០ ៦៧៩ បានភ្ជាប់បណ្តាញទឹកស្អាត។

ដើម្បីបង្កើនល្បឿនផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជន ឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

ទន្ទឹមនេះក្រសួងបានគូសបញ្ជាក់អំពីការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគ នានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ស្របពេលគ្នានេះ ក្រសួងបានរៀបចំវិធីសាស្រ្តជាយុទ្ធសាស្ត្រក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្គត់ផ្គង់ទឹក។ គំនិតផ្តួចផ្តើមសំខាន់ៗរួមមាន ការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹក និងអនាម័យ ការបង្កើតផែនការយុទ្ធសាស្ត្រ និងផែនការមេផ្គត់ផ្គង់ទឹកតាមបណ្តាខេត្ត ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹក ជាពិសេសអាជ្ញាធរផ្គត់ផ្គង់ទឹក ពង្រឹងច្បាប់ និងបទប្បញ្ញត្តិ និងការស្វែងរកយន្តការស្ថាប័ន និងហិរញ្ញវត្ថុ ដើម្បីពន្លឿនកំណើននៃវិស័យផ្គត់ផ្គង់ទឹកស្អាតនេះ។

សូមបញ្ជាក់ថាសេវាផ្គត់ផ្គង់ទឹកមានសារៈសំខាន់មិនត្រឹមតែសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការលើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យមទៀតផង៕